ស្រឡាងធំ-តូចជាច្រើនគ្រឿង ត្រូវបានដាក់ឱ្យដំណើរការសម្រាប់ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ដែលភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង 5កន្លះព្រឹក ដល់ម៉ោង 20យប់ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស។
ការរៀបចំដាក់ឱ្យប្រើប្រាស់ស្រឡាងបណ្ដោះអាសន្នខាងលើនេះ ត្រូវបានធ្វើឡើងដោយ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូននៃរាជធានីភ្នំពេញ និងអភិបាលខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៏ទីក្រុងកោះពេជ្រ បន្ទាប់ពីមានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មូលហេតុនៃការដាក់ឱ្យដំណើរជាស្រឡាងឆ្លងកាត់ទន្លេបាសក់នេះ ត្រូវបានមន្ត្រីរដ្ឋបាលភ្នំពេញលើកឡើងថា គឺដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅចំណុចស្ពានព្រះមនីវង្សចាស់ ស្ថិតក្នុងខណ្ឌច្បារអំពៅ ដែលកំពុងត្រូវបានបិទចរាចរណ៍បណ្ដោះអាសន្នរយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី 08មេសា ដល់ 10មេសា។ បន្ទាប់ពីថ្ងៃទី 10មេសា ស្ពាននេះនឹងត្រូវបើកដំណើរការឡើងវិញ។
អាជ្ញាធរបានឱ្យដឹងថា អ្នកដំណើរដែលមានបំណងចូលមកភ្នំពេញពីផ្លូវជាតិលេខមួយ អាចធ្វើដំណើរតាមស្រឡាងពីក្បាលកោះនរា មកកាន់កោះពេជ្យបាន ព្រោះថា បច្ចុប្បន្ន មានការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ត្រង់ចំណុចចាប់ពីម្ដុំវត្តនិរោធនៅផ្លូវជាតិលេខមួយ រហូតដល់តំបន់ក្បាលថ្នល់នៃខណ្ឌមានជ័យ បន្ទាប់ពីអាជ្ញាធរបិទស្ពានមនីវង្សចាស់ ដើម្បីសម្រួលដល់ការងារជួសជុលស្ពាននេះ៕
ប្រភព៖ AKP
ដកស្រង់៖ បុត្រា