Ayanna Williams អាយុ 57ឆ្នាំ នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក បានសម្រេចចិត្តកាត់ក្រចកដៃដែលមានប្រវែងជាង 7.3ម៉ែត្រ ដែលខ្លួនបានទុកតាំងពី30ឆ្នាំមុន បន្ទាប់ពីដណ្ដើមបានឯតទគ្គកម្ម Guinness កាលពីឆ្នាំ2017។
អ្នកស្រី Ayanna Williams បច្ចុប្បន្នរស់នៅក្នុងទីក្រុង Houston ដណ្ដើមបានពានរង្វាន់ Guinness ស្ដីអំពីក្រចកដៃវែងជាងគេបង្អស់ក្នុងពិភពលោក កាលពី4ឆ្នាំមុន។ កាលនោះ ក្រចកដៃទាំងអស់របស់អ្នកស្រី មានប្រវែងជិត5.8ម៉ែត្រ ដែលប្រការនេះធ្វើឱ្យអ្នកស្រីត្រូវប្រើប្រាស់ទឹកថ្នាំលាបក្រចកអស់ពីរដប និងចំណាយពេលអស់20ម៉ោង សម្រាប់ការធ្វើក្រចក និងលាបក្រចកម្ដង។
មុនពេលសម្រេចចិត្តកាត់ កាលពីចុងសប្ដាហ៍មុន អ្នកស្រីបានវាស់ក្រចកដៃទាំងនោះ និងបានដឹងថា វាមានប្រវែងជាង7.3ម៉ែត្រ ហើយការធ្វើ និងលាបក្រចកម្ដងៗ ត្រូវចំណាយពេលអស់ជាច្រើនថ្ងៃ និងត្រូវប្រើប្រាស់ទឹកថ្នាំលាបចាប់ពី 3-4ដប។
អ្នកស្រី Ayanna Williams បានទៅកាន់បន្ទប់ពិគ្រោះជំងឺស្បែក នៅទីក្រុង Fort Worth ជាកន្លែងដែលបុគ្គលិកត្រូវប្រើប្រាស់ម៉ាស៊ីនអគ្គិសនីដើម្បីកាត់ក្រចករបស់អ្នកស្រី។ នេះក៏ជាលើកទីមួយហើយដែលអ្នកស្រី Ayanna Williams កាត់ក្រចកដៃ រាប់ចាប់ពីដើមទសវត្សរ៍ឆ្នាំ1990។
«បើទោះជាមិនមានក្រចកទាំងនេះ ក៏ខ្ញុំនៅតែជាក្សត្រី» អ្នកស្រី Williams និយាយដូច្នេះ ដោយរំលឹកដល់កំណត់ត្រា Guinness ដែលអ្នកស្រីធ្លាប់ទទួលបាន។ «ក្រចកទាំងនេះមិនអាចបង្កើតខ្ញុំបាន តែខ្ញុំជាអ្នកបង្កើតវាបាន»។
នាពេលខាងមុខ អ្នកស្រីមានគម្រោងទុកក្រចកប្រវែងត្រឹម 15សង់ទីម៉ែត្រប៉ុណ្ណោះ។ ក្រចកចាស់ទាំងអស់របស់អ្នកស្រី នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរមួយនៅទីក្រុង Orlando រដ្ឋ Florida។
ក្រចកវែងរបស់អ្នកស្រី កន្លងមក បានបង្កការលំបាកក្នុងការធ្វើកិច្ចការជាច្រើន ដូចជា ការលាងចាន ឬក្រាលកម្រាលពូក។ល។ គោលដៅថ្មីរបស់អ្នកស្រីគឺការលើកទឹកចិត្តដល់អ្នកដែលចូលចិត្តទុកក្រចក ដើម្បីដណ្ដើមពានរង្វាន់ឯតទគ្គកម្មពិភពលោកថ្មីមួយទៀត។
កំណត់ត្រាស្ដីអំពីក្រចកដៃវែងជាងគេបង្អស់របស់ស្ត្រី ធ្លាប់បានទៅលើ Lee Redmond ដែលបានចាប់ផ្ដើមទុកក្រចកតាំងតែពីឆ្នាំ1979 ដោយទុកបានប្រវែងជាង8.5ម៉ែត្រ។ ប៉ុន្តែ Redmond បានបាត់បង់ក្រចករបស់ខ្លួននៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ2009 ពោលគឺ8ឆ្នាំ មុនពេល Williams បង្កើតឯតទគ្គកម្មថ្មី៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា