បន្ទាប់ពីមានការសម្រេចចិត្តចុងក្រោយដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួន ដែលសារព័ត៌មានអន្តរជាតិនានា បានចុះផ្សាយព្រោងព្រាត កាលពីម្សិលមិញ បានបញ្ជាក់ជាផ្លូវការថា ក្រុមហ៊ុន LG នឹងចាកចេញពីអាជីវកម្មផលិតស្មាតហ្វូន របស់ប្រទេសកូរ៉េខាងត្បូង ពិតប្រាកដមែនហើយ។
LG បានបញ្ជាក់ថា ការសម្រេចចិត្តចាកចេញនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី31 ខែកក្កដា ឆ្នាំ2021។ ដូច្នេះយើងនឹងលែងឃើញមានទូរស័ព្ទឆ្លាតវៃ ស៊េរីថ្មីៗផលិតក្រោមម៉ាក LG ទៀតហើយ។
យ៉ាងណាមិញ ក្រុមហ៊ុន LG នឹងផ្ដោតទៅលើធនធានរបស់ខ្លួនដែលមានស្រាប់ ហើយនឹងបន្ដអាជីវកម្មរបស់ខ្លួនផ្សេងទៀត គឺនៅក្នុងវិស័យគ្រឿងបន្លាស់រថយន្តអគ្គិសនី, ឧបករណ៍IoT (ឧបករណ៍វៃឆ្លាតដោយប្រើអ៊ីនធឺណិត), ឧបករណ៍ទំនើបសម្រាប់ផ្ទះវៃឆ្លាត, មនុស្សយន្ត, បច្ចេកវិទ្យា AI និងផ្នែកប្រឹក្សាដោះស្រាយអាជីវកម្មវិញម្ដង។ ក្រៅពីនេះ LG ក៏នឹងបន្ដខិតខំស្រាវជ្រាវផ្នែកបណ្ដាញទំនាក់ទំនង 6G ផងដែរ៕