កំលោះជនជាតិអាល្លឺម៉ង់ វ័យ18ឆ្នាំ ឈ្មោះ Kevin David Lehmann គឺជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីវ័យក្មេងជាងគេក្នុងពិភពលោក ដែលទើបត្រូវបានទស្សនាវដ្ដីហិរញ្ញវត្ថុ Forbes ប្រកាសកាលពីថ្ងៃទី 6មេសា។
នៅក្នុងបញ្ជីចំណាត់ថ្នាក់ខាងលើ Kevin David Lehmann គឺជាមហាសេដ្ឋីដែលមានវ័យនៅក្មេងជាងគេបំផុត និងមានទ្រព្យ 3.3ពាន់លានដុល្លារអាមេរិក។ Kevin David Lehmann ទទួលបានមរតកជាភាគហ៊ុនចំនួន 50% ពីឪពុកខ្លួន នៅក្នុងក្រុមហ៊ុនគ្រប់គ្រងបណ្ដាញឱសថស្ថាន drogerie markt របស់អាល្លឺម៉ង់។ ជាក់ស្ដែង Kevin David Lehmann បានទទួលភាគហ៊ុននេះតាំងតែពីទើបមានអាយុ14ឆ្នាំ ពីឪពុក ឈ្មោះ Guenther ប៉ុន្តែក្នុងទម្រង់ផ្ដល់សិទ្ធិបែបផ្សេង។ នៅខែកញ្ញា 2020 ពេលមានអាយុពេញ 18ឆ្នាំ Kevin ក៏កាន់កាប់ពេញសិទ្ធិលើភាគហ៊ុនទាំងនេះ ហើយក៏មានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក។
ក៏ប៉ុន្តែ អ្វីដែលគួរឱ្យស្ដាយនោះគឺថា មកដល់ពេលនេះ គេមិនទាន់បានស្គាល់មុខមាត់របស់កំលោះ Kevin David Lehmann នៅឡើយ ដោយសារថា សូម្បីតែ Forbes ក៏មិនបានបង្ហាញរូបថតរបស់មហាសេដ្ឋីរូបនេះដែរ។
ក្រុមហ៊ុន drogerie markt ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Goetz Werner កាលពីឆ្នាំ 1973 និងមានឱសថស្ថានដំបូងនៅតំបន់ Karlsruhe ប្រទេសអាល្លឺម៉ង់។ ក្រោយដំណើរការបានមួយឆ្នាំ លោក Guenther Lehmann ដែលកាលណោះកំពុងគ្រប់គ្រងបណ្ដាញហាងលក់គ្រឿងទេស Pfannkuch របស់គ្រួសារ ក៏បានវិនិយោគទៅលើ drogerie markt ហើយក៏មានភាគហ៊ុន 50% នៅក្នុងបណ្ដាញឱសថស្ថាននេះ។
បច្ចុប្បន្ន drogerie markt គឺជាឱសថស្ថានដែលមានកេរ្ដិ៍ឈ្មោះល្អ និងលេចធ្លោជាងគេមួយនៅប្រទេសអាល្លឺម៉ង់។ ដោយមានបុគ្គលិក 50,000នាក់ និងហាងចំនួន 2,900កន្លែង នៅក្នុងប្រទេសចំនួន12 drogerie markt ត្រូវបានកំណត់តម្លៃប្រមាណ 6.5ពាន់លានដុល្លារអាមេរិក និងរកបានចំណូលរហូតដល់ 12ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕