រឿងរ៉ាវរបស់មនុស្សស៊ីសាច់មនុស្សត្រូវបានតំណាលតៗគ្នាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន តែរឿងមួយនៅក្នុងប្រវត្តិសាស្ត្រដែលសាងក្តីភ័យរន្ធត់ដល់មនុស្សម្នាខ្លាំងបំផុតនោះប្រហែលជាគេចមិនផុតពីរឿងរ៉ាវរបស់ អាឡេកសានឌើរ “សវ៍នីយ៍” ប៊ីន បុរសដែលជាមេគ្រួសារមួយដែលមានសមាជិក 48នាក់ ដែលបានសម្លាប់ជនរងគ្រោះយកមកធ្វើជាអាហារអស់មិនតិចជាង 1000នាក់មកហើយនោះឡើយ។
រឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចនេះកើតឡើងក្នុងចន្លោះសតវត្សរ៍ទី16 ក្នុងតំបន់ East Lothian ក្នុងប្រទេសស្កុតលែនដ៍។ សវ៍នីយ៍ ជាក្មេងដែលកើតក្នុងគ្រួសារធម្មតាៗមួយ ដោយឪពុករបស់គេគ្រាន់តែជាអ្នកជីករ៉ែ និងជាជាងតុបតែងដើមឈើធម្មតាម្នាក់ប៉ុណ្ណោះ។ សវ៍នីយ៍ ធំធាត់ឡើងដើម្បីស្នងជំនាញពីឪពុក តែក៏កើតហេតុការណ៍មួយឡើងធ្វើឱ្យជីវិតរបស់គេត្រូវប្រែប្រួលរហូតទៅ។
សវ៍នីយ៍ រត់ចេញពីផ្ទះទៅជាមួយស្រីអាវ៉ាសែម្នាក់ ប្រាកដណាស់ថា ជីវិតរបស់គេទាំងពីរមិនបានល្អប្រពៃដូចដែលពួកគេបានរំពឹងទុកនោះទេ។ សវ៍នីយ៍ ជាមនុស្សឈាមក្តៅ ឆាប់ឆេវឆាវ មួម៉ៅ និងកាចសាហាវ ចូលជាមួយអ្នកណាក៏មិនចុះ និងដោយសារតែក្តីទីទាល់ក្រធ្វើឱ្យរូបគេ និងប្រពន្ធត្រូវពនេចររសាត់អណ្ដែតគ្មានទីស្នាក់អាស្រ័យ រហូតបានមកជួបនឹងល្អាងភ្នំមួយនៅក្នុងតំបន់ Bennane Head ដែលទាំងពីរនាក់បានសម្រេចចិត្តយកទីនេះធ្វើជាទីលំនៅ។
ល្អាងភ្នំដែលមានជម្រៅជាង100 ម៉ែត្រនៅជាប់នឹងមាត់សមុទ្រនេះគឺជាទីកន្លែងលាក់បំពួនអាត្មាដ៏ល្អបំផុតរបស់សវ៍នីយ៍ និងប្រពន្ធ។ ទាំងពីរនាក់ប្រើពេលវេលារស់នៅក្នុងល្អាងភ្នំនេះយូរដល់ទៅ 25ឆ្នាំដោយគ្មាននរណាម្នាក់រកឃើញឡើយ ដោយសារតែពេលទឹកជោរឡើង ផ្លូវចូលល្អាងត្រូវបានបិទជិតរហូតមិនអាចមើលឃើញបានឡើយ ហើយអ្វីដែលពួកគេធ្វើដើម្បីចិញ្ចឹមជីវិតក៏គឺ ការប្លន់ សម្លាប់ ឆក់យកទ្រព្យសម្បត្តិ និងលួចស្បៀងអាហារពីអ្នកធ្វើដំណើរដែលឆ្លងកាត់ទៅមកក្នុងអំឡុងពេលយប់។
ក្នុងចន្លោះពេលនោះឯង គូស្នេហ៍កំពូលឃោរឃៅចាប់ផ្តើមផលិតកូនចៅចេញមកជារឿយៗដោយពួកគេទាំងពីរនាក់មានកូនប្រុស 8នាក់ កូនស្រី6នាក់ ចៅប្រុស18នាក់ ចៅស្រី14នាក់ និងចៅៗដែលបង្កើតកូនមកទៀតតាមរយៈការយកបងប្អូនឯងបង្កើតធ្វើជាប្តីប្រពន្ធ។
សមាជិកក្នុងគ្រួសារមួយចំនួនមានបញ្ហាផ្នែកសតិបញ្ញា អ្នកខ្លះពិការក៏មាន ដែលជាសរុបទៅសមាជិកគ្រួសាររបស់សវ៍នីយ៍មានច្រើនរហូតដល់ទៅ 48នាក់។ វាប្រាកដណាស់ថា ស្បៀងអាហារដែលពួកគេប្លន់មកបាននោះមិនដែលគ្រប់គ្រាន់ឡើយ ដូច្នេះហើយរឿងមួយដែលនឹងធ្វើឱ្យពួកគេអាចមានជីវិតរស់នៅបាននោះគឺ ការ “ស៊ីសាច់មនុស្ស” ហ្នឹងឯង។
ជនរងគ្រោះដោយសារការប្លន់របស់សវ៍នីយ៍ត្រូវបាននាំខ្លួនមកក្នុងល្អាង ហើយត្រូវបានពន្លះចេញជាចំណែកៗដើម្បីចែកគ្នាស៊ីក្នុងក្រុមគ្រួសារ។ អវយវៈមួយចំណែកក៏ត្រូវបោះចោលទៅក្នុងសមុទ្រ និងអណ្ដែតទៅទើរនៅលើបរិវេណឆ្នេរដែលនៅក្បែរៗនោះ។ ទាំងអស់គ្នានៅក្នុងគ្រួសាររបស់សវ៍នីយ៍មិនស្គាល់ខុសត្រូវ ល្អអាក្រក់ឡើយ ទាំងអស់គ្នាស្គាល់តែម្យ៉ាងគត់គឺធ្វើយ៉ាងណាឱ្យតែឆ្អែតពោះប៉ុណ្ណោះ។
ក្នុងអំឡុងពេលដំបូងៗ អ្នកស្រុកដែលរស់នៅក្នុងតំបន់ក្បែរៗនោះមិនបាននឹកចាប់អារម្មណ៍នឹងការបាត់ខ្លួនរបស់អ្នកដំណើរប៉ុន្មានឡើយ តែដល់ការបាត់ខ្លួនចាប់ផ្តើមញឹកញាប់ឡើងៗ ទើបពួកអ្នកស្រុកចាប់ផ្តើមធ្វើការស្វែងរកជនបង្កហេតុនៅក្នុងតំបន់កើតហេតុ ដែលមានម្តងនោះមានអ្នកសង្កេតឃើញល្អាងភ្នំដែលសវ៍នីយ៍ស្នាក់អាស្រ័យនោះដែរ តែគ្មាននរណាម្នាក់ជឿថា នឹងមានមនុស្សរស់នៅក្នុងល្អាងភ្នំបែបហ្នឹងបានឡើយ ទើបការរុករកនៅក្នុងល្អាងភ្នំនោះមិនត្រូវបានធ្វើឡើងឡើយ ដូច្នេះហើយទើបក្តីស៊យចង្រៃត្រូវធ្លាក់ទៅលើបណ្តាម្ចាស់សណ្ឋាគារដែលត្រូវបានក្លាយជាជនសង្ស័យ ដោយសារតែសណ្ឋាគារជាទីកន្លែងដែលមានអ្នកបានឃើញជនរងគ្រោះកាលពីពេលនៅរស់។
រហូតមកដល់យប់មួយ មានប្តីប្រពន្ធមួយគូជិះសេះធ្វើដំណើរឆ្លងកាត់មក ហើយក៏ត្រូវក្រុមគ្រួសាររបស់សវ៍នីយ៍ស្ទាក់វាយប្រហារ។ ប្តីជាមនុស្សមានជំនាញខាងការប្រយុទ្ធ ខំព្យាយាមវាយវាត់ដាវនៅក្នុងដៃ និងប្រើកាំភ្លើងបាញ់តស៊ូ តែពួករបស់សវ៍នីយ៍ក៏ចាប់អូសប្រពន្ធរបស់គេធ្លាក់ពីខ្នងសេះទៅលើដី រួចហើយនាងក៏ត្រូវពួកនោះរោមហែកស៊ីទាំងរស់ភ្លាមតែម្តង។
ចំណែកឯស្វាមីសំណាងអាក្រក់នោះប៊ិះតែក្លាយជាចំណីរបស់គ្រួសារឃោរឃៅនោះម្នាក់ទៀត តែសំណាងល្អដែលមានមនុស្សមួយក្រុមធំទៀតធ្វើដំណើរមកដល់ ទើបបក្ខពួករបស់សវ៍នីយ៍ប្រញាប់នាំគ្នារត់គេចអស់យ៉ាងឆាប់រហ័ស។
រឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចនេះបានសាយភាយចេញទៅយ៉ាងឆាប់រហ័សរហូតឮទៅដល់ព្រះអង្គម្ចាស់ ចេមស៍ ទី6នៃស្កុតលែនដ៍(ក្រោយមកក្លាយជាព្រះអង្គម្ចាស់ ចេមស៍ទី1 នៃអង់គ្លេស) ព្រះអង្គក៏បញ្ជាឱ្យកងទាហានជាង 400 នាក់ព្រមជាមួយសត្វសុនខប្រមាញ់ជាច្រើនក្បាលទៀតចេញស្វែងរកជនល្មើស និងមិនយូរប៉ុន្មាន ក្រុមស្វែងរកក៏បានជួបនឹងល្អាងលាក់ខ្លួនរបស់សវ៍នីយ៍ និងកូនចៅ។ គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ថ្នាក់ស្រឡាំងកាំងចំពោះអ្វីដែលពួកគេបានឃើញនៅក្នុងល្អាងដ៏តូចមួយនេះ។
ខាងក្នុងល្អាងដែលត្រូវបានប្រើប្រាស់ធ្វើជាកន្លែងស៊ីសាច់មនុស្សរហូត 25ឆ្នាំកន្លងមកនេះ ពោរពេញទៅដោយក្លិនស្អុយនៃគម្រង់ខ្មោច គំនរឆ្អឹងដ៏ច្រើនកម្ពស់សឹងតែប៉ុនកូនភ្នំមួយ កម្ទេចសាច់មនុស្សដែលត្រូវបានប្រឡាក់ផ្អាប់ទុកជាច្រើនទៀត និងនៅមានសាកសពមនុស្សមួយចំនួនទៀតដែលដេកស្លាប់នៅរាយប៉ាយពេញក្នុងល្អាង និងដែលសំខាន់បំផុតនោះគឺ បណ្តាសមាជិកគ្រួសារទាំង48នាក់ដែលមានសភាពរាងកាយកខ្វក់ ស្អុយ និងគ្រប់គ្នាមើលទៅមានការភ័យខ្លាច តែបង្កប់ទៅដោយខ្សែភ្នែកមានកំហឹង និងចងអាឃាត។
ក្រុមគ្រួសារសវ៍នីយ៍ទាំងអស់ត្រូវបានចាប់ខ្លួន និងនាំទៅឃុំឃាំងក្នុងគុក Tolbooth នៅអេឌិនប៊ើក មុននឹងដឹកយកទៅប្រហារជីវិតយ៉ាងសាហាវនៅឯ ហ្ក្រាស្កូ ដោយមនុស្សប្រុសទាំងអស់ត្រូវបានកាត់ដៃ ជើង និងអវយវៈភេទចោល រួចទុកចោលឱ្យឈាមហូរអស់ពីខ្លួនរហូតដល់ស្លាប់ ចំណែកស្រី និងកុមារ បន្ទាប់ពីបណ្តោយឱ្យឈរមើលពួកប្រុសៗស្លាប់យ៉ាងវេទនាអស់ហើយ ក៏ត្រូវបាននាំខ្លួនទៅដុតសម្លាប់ចោលទាំងរស់។
ប្រវត្តិរឿងរ៉ាវរបស់គ្រួសារស៊ីមនុស្សមួយនេះមើលទៅហាក់ដូចជាត្រូវបានបញ្ចប់ទៅយ៉ាងអាណោចអាធ័មត្រឹមតែប៉ុណ្ណឹង តែនៅមានប្រវត្តិរឿងរ៉ាវមួយទៀតនៅឯទីក្រុង Girvan ដែលស្ថិតនៅក្បែរនោះដែរបាននិយាយអំពីកូនស្រីរបស់សវ៍នីយ៍ ប៊ីនម្នាក់ដែលបានរត់គេចរួចខ្លួនចេញពីល្អាងភ្នំនោះ និងបានមកសម្ងំស្នាក់អាស្រ័យនៅក្នុងទីក្រុងមួយនេះនៅក្នុងទីកន្លែងតូចមួយដែលនាងបានដាំដើម Dule Tree រហូតក្លាយជាកន្លែងមួយដែលមានគេស្គាល់ច្រើនក្នុងឈ្មោះថា The Hairy Tree ដែលក្រោយពីក្រុមគ្រួសារសវ៍នីយ៍ត្រូវចាប់ខ្លួនមក ប្រវត្តិរបស់នាងត្រូវបានបើកកកាយដោយពួកអ្នកស្រុកដែលនៅមានគំនុំ និងបានពួតគ្នាចាប់ខ្លួននាងយកទៅព្យួរកនៅនឹងដើមឈើមួយនោះទៅ៕
ស្រាវជ្រាវដោយ តាវ៉ែនតា