កាលពីពេលថ្មីៗនេះ សារព័ត៌មាន CNA បានចុះផ្សាយពីគម្រោងអូសខ្សែកាប្លិ៍បាតសមុទ្រថ្មី 2ខ្សែរបស់ Facebook នឹងត្រូវធ្វើឡើង ដើម្បីភ្ជាប់ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងអាមេរិកខាងជើង នៅក្នុងគម្រោងមួយ ជាមួយនឹងក្រុមហ៊ុន Google និងក្រុមហ៊ុនទូរគមនាគមន៍ក្នុងតំបន់ ដើម្បីបង្កើនសមត្ថភាពការតភ្ជាប់អ៊ិនធើណិត កាន់តែជិតជាងមុន។
តាមប្រភពខាងលើ បានលើកឡើងថា លោក Kevin Salvadori អនុប្រធានផ្នែកបណ្តាក់ទុននៅក្រុមហ៊ុន Facebook បានប្រាប់ Reuters ថា៖ “ខ្សែកាប្លិ៍ឈ្មោះ Echo និង Bifrost នឹងក្លាយជាខ្សែកាប្លិ៍2 ដំបូងគេដែលនឹងត្រូវអូសលើផ្លូវថ្មីមួយ ឆ្លងកាត់ទន្លេ Java ហើយខ្សែកាប្លិ៍ទាំងនោះ នឹងបង្កើនសមត្ថភាពខ្សែកាប្លិ៍ក្រោមសមុទ្រជារួម រហូតដល់ 70%”។ លោកបានបន្ថែមថា ខ្សែកាប្លិ៍ទាំង 2ខ្សែនេះ នឹងក្លាយជាខ្សែកាប្លិ៍ដំបូងដែលភ្ជាប់តំបន់អាមេរិកខាងជើងដោយផ្ទាល់ ទៅកាន់តំបន់សំខាន់ៗជាច្រើនរបស់ឥណ្ឌូនេស៊ី និងបង្កើនការតភ្ជាប់សម្រាប់ខេត្តនៅភាគកណ្តាល និងខាងកើតនៃរដ្ឋដែលមានអត្រាប្រជាជនច្រើនជាងគេលំដាប់ទី3 ក្នុងពិភពលោក។
សម្រាប់ខ្សែកាប្លិ៍ទាំង2 មានគម្រោងដោយឡែកពីគ្នា ទី1 គឺខ្សែកាប្លិ៍ Echo កំពុងតែត្រូវបានដំឡើងក្រោមភាពជាដៃគូជាមួយនឹង Google របស់ក្រុមហ៊ុន Alphabet និងក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌូនេស៊ី XL Axiata ហើយគម្រោងនេះ គួរតែដំឡើងរួចរាល់នៅត្រឹមឆ្នាំ2023។ សម្រាប់ខ្សែកាប្លិ៍ទី2 គឺ Bifrost នឹងត្រូវដំឡើងតាមរយៈការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Telin ដែលជាក្រុមហ៊ុនឧបសម្ព័ន្ធរបស់ក្រុមហ៊ុនឥណ្ឌូនេស៊ី Telkom និងក្រុមហ៊ុនពហុសាជីវកម្មសិង្ហបុរី Keppel ដែលនឹងត្រូវអូសឱ្យរួចរាល់នៅត្រឹមឆ្នាំ2024៕