បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi រងការដាក់ពាក្យបណ្ដឹងតវ៉ាលើរឿងក្តី ដែល “ក្រសួងការពារជាតិសហរដ្ឋអាមេរិក ចោទប្រកាន់ថា ជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធាចិន” កាលពីពេលកន្លងមកនោះ មកទល់ពេលនេះ រឿងរ៉ាវដ៏ក្តៅគគុក ដែលអូសបន្លាយពេលជាង 3ខែមកហើយនេះ ទើបនឹងសម្រេចជាផ្លូវការ ដោយតុលាការសហរដ្ឋអាមេរិក។
កាលពីពេលថ្មីៗនេះ គេបានឃើញលិខិតផ្លូវការមួយ បង្ហោះដោយគណនីក្រុមហ៊ុន Xiaomi បង្ហាញថា ក្រុមហ៊ុន នឹងមិនត្រូវទទួលរង នូវការពិន័យណាមួយឡើយ។ នៅក្នុងន័យនេះ លិខិតផ្លូវការនោះ បានបន្ថែមទៀតថា Xiaomi បានឈ្នះ លើរឿងក្តីនេះរួចរាល់ហើយ ព្រមទាំងបានបន្តស្នើសុំទៅតុលាការ ដើម្បីឱ្យធ្វើការលុបឈ្មោះក្រុមហ៊ុនរបស់ខ្លួន ចេញពីបញ្ជាចោទប្រកាន់ខាងលើជាបន្ទាន់ទៀតផង។ ដោយឡែក ចៅក្រមរបស់អាមេរិក បានបញ្ជាក់ថា ការចោទប្រកាន់ពីសំណាក់ក្រសួងការពារជាតិអាមេរិកនេះ គឺជាការបំពាន និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមហ៊ុន Xiaomi។
សូមជម្រាបជូនផងដែរថា កាលពីដើមឆ្នាំ2021 កន្លងទៅថ្មីៗ ក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក បានបញ្ចេញបញ្ជីក្រុមហ៊ុនអាជីវកម្មចិនជាច្រើន ដែលស្ថិតក្នុងការតាមដាន ឬបញ្ជីខ្មៅ ចំពោះក្រុមហ៊ុនចិនណា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដោយមានការសំអាងតិចតួចប៉ុណ្ណោះ ដែលក្នុងនោះ ក៏មាន Xiaomi មួយដែរ។
ផ្ទុយពីក្រុមហ៊ុនដទៃទៀតដែលសម្ងំនៅស្ងៀម ក្រុមហ៊ុន Xiaomi បានដាក់ពាក្យប្តឹងប្រឆាំងតបតវិញភ្លាមៗ ដែលធ្វើឱ្យរឿងរ៉ាវ ត្រូវអូសបន្លាយរហូតអស់រយៈពេលជាង 3ខែ ទើបដោះស្រាយរួច។ កន្លងទៅ Xiaomi ក៏ធ្លាប់បានចេញលិខិតអះអាងជាច្រើនដងរួចមកហើយថា ពួកគេមិនត្រូវបានគ្រប់គ្រង ឬមានទំនាក់ទំនងណាមួយ ជាមួយយោធាចិន ដូចការចោទប្រកាន់នោះទេ។ ការចោទប្រកាន់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន Xaiomi ក្នុងទីផ្សារសកល ជាពិសេសនោះគឺ ធ្វើឱ្យវិនិយោគិន ដែលភាគច្រើនជាជនជាតិអាមេរិក មិនអាចបន្តការវិនិយោគតទៅទៀតបាន៕