Skip to content

ម្ចាស់​កប៉ាល់ Ever Given ប្ដឹង​ក្រុមហ៊ុន​គ្រប់គ្រង​កប៉ាល់​នេះ ក្រោយ​មាន​​ករណី​ជាប់គាំង​នៅលើ​ព្រែកជីក Suez

ម្ចាស់​កម្មសិទ្ធិ​នៃ​កប៉ាល់​ដឹក​កុងតឺន័រ Ever Given បានដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវ​ស​មុ​ត្រ​ដែលជា​ភាគី​គ្រប់គ្រង​កប៉ាល់ ក្រោយពី​ហេតុការណ៍​កប៉ាល់ Ever Given ជាប់គាំង បណ្ដាលឱ្យមាន​បញ្ហា​កកស្ទះ​ផ្លូវទឹក​នៅឯ​ព្រែកជីក Suez។

ពាក្យបណ្ដឹង​នេះ​ត្រូវ​បានដាក់​ទៅកាន់​តុលាការ​ជាន់ខ្ពស់​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ម្សិលមិញ (1មេសា)។ ភាគី​ចុងចោទ រួមមាន ក្រុមហ៊ុន Evergreen Marine Corp ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់ Ever Given និង​ក្រុមមនុស្ស​ដែល​កំពុង​ទាមទារ​សំណង ឬ​មាន​សិទ្ធិ​ទាមទារ​សំណង​លើ​ការខាតបង់​នានា។

កប៉ាល់ Ever Given ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Luster Maritime និង​ក្រុមហ៊ុន Higaki Sangyo Kaisha ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​ជប៉ុន។ កប៉ាល់​នេះ​កំពុង​ត្រូវបាន​ជួល​ទៅឱ្យ Evergreen Marine Corp ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺន័រ​តាមផ្លូវ​សមុទ្រ​របស់​តៃវ៉ាន់។

កប៉ាល់ Even Given កាលពី​ថ្ងៃទី 23មីនា បាន​ជួបនឹង​ព្យុះ​ខ្សាច់​មួយ​នៅពេល​ធ្វើដំណើរ​តាម​ព្រែកជីក Suez ហើយក៏​បាន​បុក​ចូល​ច្រាំង និង​ត្រូវ​ជាប់គាំង​អស់​រយៈពេល 6ថ្ងៃ។ ហេតុការណ៍​នេះ បានធ្វើឱ្យ​ទំនិញ​ដែលមាន​តម្លៃ​សរុប​ប្រមាណ 9.6ពាន់​លាន​ដុល្លារ ត្រូវ​ជាប់គាំង​នៅឯ​ព្រែកជីក Suez ខណៈ​វិស័យ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក ត្រូវ​ខាតបង់​អស់​ប្រមាណ​ពី 6-10ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ក្រុម​អ្នកជំនាញ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាល្លឺម៉ង់ Allianz។

កាលពី​ថ្ងៃទី 31មីនា ក្រុមមន្ត្រី​អេ​ហ្ស៊ី​ប ដែលជា​ភាគី​គ្រប់គ្រង​ព្រែក Suez ក៏បាន​ព្រមាន​ថា​នឹង​ទាមទារ​សំណង​លើ​​ការ​ខាត​បង់​​នានា។ «យើង​នឹង​ទាមទារ​សំណង​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក។ យើង​នឹង​ដាក់សំណើ​ឱ្យ​បង់ថ្លៃ​ខូចខាត​ក្នុង​ទំហំ​ទឹកប្រាក់​សមស្រប» នេះ​បើតាម Osama Rabie ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ស្ថាប័ន​​គ្រប់គ្រង​ព្រែកជីក Suez (SCA) ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 31មីនា៕

ប្រភព​៖ BI
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *