ដោយសារតែមានដំណឹងវិជ្ជមានច្រើននាពេលថ្មីៗនេះ តម្លៃរបស់ Bitcoin កំពុងតែត្រូវបានអូសឡើងដល់ចំណុចដែលវាធ្លាប់បានឡើងដល់កាលពីពាក់កណ្ដាលខែមីនា នោះគឺតម្លៃ 60,000ដុល្លារអាមេរិកក្នុង 1 Bitcoin។
នៅក្នុងការជួញដូរដំបូងនៃខែមេសានេះ Bitcoin បានឡើងថ្លៃដល់ 60,000ដុល្លារ/bitcoin ដូចកាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ដែលលទ្ធផលនេះត្រូវបានគេមើលឃើញថា ដោយសារព័ត៌មានល្អៗជាច្រើននៅសហរដ្ឋអាមេរិក ដែលបានជះឥទ្ធិពលរបស់ការជួញដូរ Bitcoin របស់ក្រុមអ្នកវិនិយោគក្នុងទ្វីបអាស៊ី។
ថ្មីៗនេះ មានព័ត៌មានថា Goldman Sachs នឹងបង្ហាញបណ្ដាញវិនិយោគលើប្រាក់ឌីជីថលសម្រាប់អតិថិជន នៅក្នុងរង្វង់ 3ខែទៀត ខណៈដែល BlackRock ក៏បានបោះទុន 6.5លានដុល្លារដើម្បីទិញកិច្ចសន្យាអនាគតរបស់ Bitcoin កាលពីដើមឆ្នាំ។ តម្លៃនៃកិច្ចសន្យានេះបានកើនបន្ថែម 360,000ដុល្លារអាមេរិក គិតត្រឹមពេលមានរបាយការណ៍។
ការឡើងថ្លៃរបស់ Bitcoin នៅដើមខែមេសានេះ បាននាំមកនូវ «ការសប្បាយរីករាយ» នៅក្នុងទីផ្សាររូបិយវត្ថុអេឡិចត្រូនិក។ ភ្លាមៗក្រោយការឡើងថ្លៃនេះ មហាសេដ្ឋី Elon Musk ក៏បានបង្ហោះសារមួយឃ្លានៅលើ Twitter ជំរុញឱ្យតម្លៃរបស់ប្រាក់ឌីជីថល Dogecoin ឡើងថ្លៃយ៉ាងខ្ពស់ ដោយមានអ្នកទិញច្រើន។
មុននេះ Bitcoin បានបង្កើតកំណត់ត្រាថ្មីជាមួយនឹងតម្លៃ 60,000ដុល្លារ/bitcoin កាលពីថ្ងៃទី14មីនា ប៉ុន្តែ ក្រោយមកវាក៏បានដាំក្បាលចុះ។
បច្ចុប្បន្ន Bitcoin កំពុងបន្តឡើងថ្លៃ ដែលរុញច្រានតម្លៃឱ្យត្រលប់ទៅរកចំណុច 60,000ដុល្លារ។ ក៏ប៉ុន្តែ មិនមានអ្វីមកធានាបានថា រូបិយវត្ថុអេឡិចត្រូនិកនេះនឹងបំបែកកំណត់ត្រាចាស់ ឬដាំក្បាលចុះនោះឡើយ៕
ប្រភព៖ Coinmarketcap
ប្រែសម្រួល៖ បុត្រា