Skip to content

ករណី​ជាប់គាំង​កប៉ាល់ Ever Given នៅ​ព្រែកជីក Suez៖ អេ​ហ្ស៊ី​ប​ទាមទារ​សំណង​ជាង​មួយ​ពាន់​លាន​ដុល្លារ

ក្រុមមន្ត្រី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប អាច​ទាមទារ​សំណង​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​បាន​ជួយសង្គ្រោះ​កប៉ាល់ «យក្ស» Even Given ជា​កម្មសិទ្ធិ​របស់​ជប៉ុន ដំណើរការ​ដោយ​តៃវ៉ាន់ និង​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា ដែល​បាន​ជាប់​នៅក្នុង​ព្រែកជីក Suez អស់​រយៈពេល 6ថ្ងៃ​កាលពី​ចុងខែ​មិនា។

«យើង​នឹង​ទាមទារ​សំណង​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក។ យើង​នឹង​ដាក់សំណើ​ឱ្យ​បង់ថ្លៃ​ខូចខាត​ក្នុង​ទំហំ​ទឹកប្រាក់​សមស្រប» នេះ​បើតាម Osama Rabie ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez (SCA) ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 31មីនា។

លោក Rabie និយាយថា លោក​សង្ឃឹមថា ការព្រមព្រៀង​លើ​សំណង​ខាងលើ​អាច​សម្រេចបាន «ក្នុងអំឡុង​ពីរ ឬ​បី​ថ្ងៃ​ទៀត» ហើយ​បើ​មិន​ដូច្នេះ​ទេ អេ​ហ្ស៊ី​ប​នឹង​អាច​រក្សា​កប៉ាល់​នេះ​ទុក​នៅលើ​បឹង Great Bitter នៅ​ភាគ​ខាងជើង​នៃ​ព្រែកជីក Suez។

«យើង​អាច​ព្រមព្រៀងគ្នា​លើ​សំណង​ជាក់លាក់​ណាមួយ ឬ​នាំយក​បញ្ហា​នេះ​ឡើង​តុលាការ។ បើសិន​ពួកគេ​សម្រេច​ឡើង​តុលាការ នោះ​កប៉ាល់​គួរតែ​ត្រូវបាន​ឃាត់ទុក» លោក Rabie ព្រមាន​ដូច្នេះ។ លោក​បន្តថា ខ្ទង់​សំណង​នេះ​គឺ​យោងទៅតាម​ការខាតបង់​នានា ដូចជា​ការបាត់​បង់ប្រាក់​ចំណូល​បានមកពី​ព្រែកជីក ថ្លៃ​សម្ភារ ម៉ាស៊ីន ក៏ដូចជា​ប្រាក់​ចំណាយ​ទៅលើ​ថ្លៃ​ជួល​បុគ្គលិក​ចំនួន 800នាក់​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​កប៉ាល់ Ever Given។

ព័ត៌មាន​បន្ថែម សូម​ចូល​អាន​អត្ថបទ «បេសកកម្ម​សង្គ្រោះ​កប៉ាល់ Ever Given ដែល​ជាប់គាំង​នៅឯ​ព្រែកជីក Suez ត្រូវ​ចំណាយ​ប្រាក់​អស់​មិនតិច​ឡើយ»៕

ប្រភព៖ CNBC
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *