Skip to content

Nike ប្ដឹង​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ដែលមាន​ផ្ទុក​ឈាម​មនុស្ស

Nike ដាក់ពាក្យ​ប្ដឹង​ប្រឆាំងនឹង​ក្រុមហ៊ុន MSCHF ដោយសារតែ​បាន​រំលោភ​លើ​ពាណិជ្ជ​សញ្ញា​នៅពេល​បញ្ចេញ​ម៉ូ​ដែល​ស្បែកជើង Satan Shoes (ស្បែកជើង​បី​សាច​សា​តាន)។

ក្រុមហ៊ុន​ស្បែកជើង​អាមេរិក Nike បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្ដឹង MSCHF ពីព្រោះ​តែ​រួម​ដៃ​ជាមួយ​អ្នកចម្រៀង​រ៉ែ​ប Lil Nas X បញ្ចេញ​ម៉ូ​ដែល​ស្បែកជើង Satan Shoes។ នៅក្នុង​ពាក្យបណ្ដឹង​នេះ Nike បាន​និយាយថា MSCHF បាន​បំពាន​លើ​យីហោ​របស់ខ្លួន នៅពេល​កែទម្រង់​រចនា​របស់​ស្បែកជើង Nike Air Max 97 ពណ៌​ខ្មៅ ទៅតាម​ប្រធានបទ​បី​សាច ជា​មួយ​នឹង​​ការបំពេញ​ប្រហោង​របស់​បាត​ស្បែកជើង​ដោយ​ប្រើ​ទឹក​ប៊ិក​ពណ៌​ក្រហម ហើយ​ក្នុងមួយគូៗ សុទ្ធ​តែមាន​ផ្ទុក​ឈាម​មនុស្ស​ចំនួន 1តំណក់។

ការដែល MSCHF បញ្ចេញ​ស្បែកជើង​ដែល​យកតាម​លំនាំ​ស្បែកជើង​របស់ Nike និង​នៅតែ​ប្រើប្រាស់​​ពាណិជ្ជ​​សញ្ញា​«swoosh» បែបនេះ នាំឱ្យ​អ្នកប្រើប្រាស់​យល់ច្រឡំ​ថា Nike គឺជា​អ្នក​ផលិត Satan Shoes។ ប្រការនេះ​បាន​បណ្ដាលឱ្យមាន​ការអំពាវនាវ​ឱ្យ​ឈប់​ប្រើប្រាស់​ផលិតផល​របស់ Nike ដើម្បី​ប្រឆាំងនឹង​ម៉ូ​ដែល​ស្បែកជើង Satan។

«Nike ដាក់ពាក្យ​បណ្ដឹង​នេះ​គឺ​ដើម្បី​រក្សា​សិទ្ធិ​គ្រប់គ្រង​​ពាណិជ្ជ​សញ្ញា​​ និង​ការពារ​បញ្ញា​ទ្រព្យ​របស់​ក្រុមហ៊ុន និង​ដើម្បី​លុបបំបាត់​រាល់​ការយល់ច្រឡំ​នានា ដោយ​ការប្រកាស​យ៉ាងច្បាស់​លាស់​ថា៖ Nike មិនបាន​ផ្ដល់​សិទ្ធិ និង​មិនបាន​ផ្ដល់​ការអនុញ្ញាតឱ្យ​ផលិត​ស្បែកជើង​ដែលមាន​លក្ខណៈ​ដូច Satan របស់ MSCHF នោះឡើយ» នេះ​បើតាម​ខ្លឹមសារ​ខ្លះ​នៃ​ពាក្យបណ្ដឹង។

ស្បែក​ជើង​ Satan Shoes

ចំណែក​ភាគី​ក្រុមហ៊ុន MSCHF វិញ មិនទាន់បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ ទាក់ទិន​នឹង​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន Nike។

ក្រុមហ៊ុន Nike ស្នើឱ្យ​តុលាការ​ប្រញាប់​រារាំង​ក្រុមហ៊ុន MSCHF បន្ត​ចាត់ការ​លើ​ការបញ្ជាទិញ​ចំពោះ​ម៉ូ​ដែល​ស្បែកជើង​នេះ ព្រមទាំង​ទាមទារ​ឱ្យ MSCHF សង​ការខូចខាត​ផងដែរ។ ជាក់ស្ដែង MSCHF ត្រូវ​ទូទាត់​រាល់​ការចំណាយ​លើ​រឿងក្ដី ក៏ដូចជា​ការខូចខាត​ដែល​កើតឡើង​ដោយ​អំពើ​រំលោភ​ពាណិជ្ជ​សញ្ញា​ នាំឱ្យមាន​ការខាតបង់​ដែល «ប្រាក់​មិនអាច​ប៉ះប៉ូវ​បាន» សម្រាប់​កេរ្តិ៍ឈ្មោះ​របស់ Nike។

យោងតាម​ការប្រកាស​ពី MSCHF ម៉ូ​ដែល​ស្បែកជើង Satan Shoe បាន​អស់ពី​ឃ្លាំង​បន្ទាប់ពី​ដាក់​លក់បាន 1នាទី។ MSCHF ផលិត​ស្បែកជើង​នេះ​ត្រឹមតែ 666គូ​ប៉ុណ្ណោះ ហើយ​ក្នុង 1គូ មានតម្លៃ 1,018ដុល្លារ។ តួលេខ​ទាំងពីរ (666 និង 1,018) នេះ ផ្សារភ្ជាប់​ទៅនឹង​រឿងព្រេង​ស្ដីអំពី​បី​សាច Satan។ ដងខ្លួន​របស់​ស្បែកជើង និង​ប្រអប់​ស្បែកជើង ត្រូវបាន​បោះ​ពុ​ម្ភ​គាថា Luke 10:18 ដែល​និយាយ​អំពី​រឿងរ៉ាវ Satan ត្រូវបាន​បណ្ដេញ​ឱ្យ​ចុះ​ពី​ឋានសួគ៌៖ «ខ្ញុំ​មើលឃើញ Satan ធ្លាក់ចុះ ដូច​ទៅនឹងរ​ន្ធះ​ពី​សួគ៌ា»។

Lil Nas X និង​ស្បែក​ជើង​ Satan Shoes

នៅក្នុង​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់ The New York Times ក្រុមហ៊ុន Nike បាន​បញ្ជាក់ថា៖ «Nike មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​តារាចម្រៀង​រ៉ែ​ប Little Nas X ឬ​ក្រុមហ៊ុន MSCHF។ Nike មិនបាន​រចនា មិនបាន​ផលិត និង​មិនបាន​ផ្ដល់​សិទ្ធិ​ឱ្យ​ផលិត​ម៉ូ​ដែល​ស្បែកជើង​នេះ»។

មុន​នោះ MSCHF បាន​កែច្នៃ​គំរូ​ស្បែកជើង Nike Air Max 97s ទៅជា Jesus Shoes (ស្បែកជើង​របស់​ព្រះ​យេស៊ូ) ដោយ​នៅត្រង់​បាត​កែងជើង​មាន​ផ្ទុក​ទឹក​ដែល​យក​ពី​ទន្លេ Jordan និង​ត្រូវបាន​អាចារ្យ​មួយរូប​ជូនពរ។ ស្បែក​របស់​ព្រះ​នេះ ត្រូវបាន​លក់​ក្នុងតម្លៃ 3,000ដុល្លារ​អាមេរិក/គូ។

អំពី​តារាចម្រៀង Lil Nas X វិញ ក៏បាន​បង្ហោះ​រូបភាព meme មួយ​នៅលើ​បណ្ដាញ​សង្គម បន្ទាប់ពី​បានដឹងថា Nike ដាក់ពាក្យ​ប្ដឹង។ ការ​បង្ហោះ​រូបភាព​នេះ ត្រូវបាន​ធ្វើឡើង​ទៅតាម​ទម្លាប់​របស់ Lil Nas X ដែល​តែងតែ​ធ្វើ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​ពី​សំណាក់​អ្នក​ស្ដាប់ ចំពោះ​ផលិតផល​តន្ត្រី​របស់ខ្លួន៕

ប្រភព​៖ BI
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *