ជាមួយនឹងតម្លៃ 250ពាន់លានដុល្លារអាមេរិក ByteDance នឹងក្លាយជាក្រុមហ៊ុនធំជាងគេបណ្ដាលក្រុមហ៊ុនដែលមានអាយុចាស់ៗ ដូចជា Exxon Mobil និង Coca-Cola ទៅទៀត បើគិតទៅលើតម្លៃមូលធនទីផ្សារ។
មូលបត្ររបស់ ByteDance ដែលជាក្រុមមេរបស់បណ្ដាញសង្គមវីដេអូ TikTok កំពុងត្រូវជួញដូរជាមួយនឹងតម្លៃមូលធនរបស់ក្រុមហ៊ុនឡើងដល់ជាង 250ពាន់លានដុល្លារអាមេរិកសម្រាប់ទីផ្សារបន្ទាប់ (Secondary Market)។
យោងតាម Bloomberg ការកំណត់តម្លៃនៃក្រុមហ៊ុនចិនមួយនេះ បានឡើងថ្លៃខ្ពស់នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយសារក្រុមអ្នកវិនិយោគសង្ឃឹមលើ TikTok ជាមួយនឹងការដែលស្ថាបនិក Zhang Yiming កំពុងធ្វើការជ្រើសរើសនានាដើម្បីធ្វើ IPO។ នៅក្នុងព្រឹត្តិការណ៍ប្រមូលទុនចុងក្រោយបង្អស់ ByteDance ត្រូវបានកំណត់តម្លៃកត្រឹម 140ពាន់លានដុល្លារអាមេរិក។
Zhang ដែលជាអ្នកបង្កើត ByteDance កាលពីឆ្នាំ 2012 បានបង្ហាញឱ្យឃើញអំពីសមត្ថភាពដ៏កំពូលរបស់ខ្លួន នៅក្នុងការបង្កើតបានផលិតផលដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើទោះជាត្រូវប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនធំៗ ដូចជា Tencent និង Alibaba ជាដើម។ ជោគជ័យដំបូងរបស់ Zhang គឺ Toutiao ដែលជាកម្មវិធី (App) ព័ត៌មានដ៏ល្បីល្បាញ ប៉ុន្តែបច្ចុប្បន្នក៏ត្រូវបាន TikTok លោតកាត់មុខ។ កាលពីឆ្នាំទៅ ប្រាក់ចំណូលរបស់ ByteDance បានកើនទ្វេរដង ស្មើនឹង 35ពាន់លានដុល្លារអាមេរិក។
ByteDance ធ្លាប់ជួបបញ្ហាជាមួយនឹងរដ្ឋាភិបាលអាមេរិក ជំនាន់លោក Trump ដែលកាលណោះ លោក Trump ធ្លាប់បានប្រកាសថា នឹងបង្ខំឱ្យក្រុមហ៊ុននេះលក់ TikTok ឱ្យក្រុមហ៊ុនណាមួយរបស់អាមេរិក ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ប៉ុន្តែ ថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Biden បានឱ្យដឹងថា នឹងវាយតម្លៃស្ថានការណ៍ឡើងវិញ ដែលនេះទំនងជាបើកផ្លូវឱ្យ ByteDance រក្សាផ្នែកពាណិជ្ជកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក។
Kuaishou Technology ដែលជាគូប្រជែង «ទម្ងន់ស្រាល» មួយរបស់ ByteDance ទើបតែបានធ្វើ IPO នៅលើផ្សារហ៊ុនហុងកុងកាលពីខែមុន។ មូលបត្ររបស់ Kuaishou Technology បានកើនឡើងខ្ពស់ជាងមុនទ្វេដង បើធៀបនឹងតម្លៃក្នុងគ្រា IPO ដែលប្រការមួយជួយឱ្យតម្លៃមូលធនរបស់ក្រុមហ៊ុន ByteDance ឡើងដល់ 140ពាន់លានដុល្លារអាមេរិក។ ក្រុមអ្នកវិភាគយល់ឃើញថា នេះអាចជាកត្តាមួយដែលជំរុញឱ្យក្រុមអ្នកវិនិយោគវាយតម្លៃឡើងវិញអំពីសក្ដានុពលដែលកាន់តែធំឡើងៗរបស់ ByteDance។
ទោះជាយ៉ាងណាក៏ដោយ ByteDance កំពុងតែប្រឈមនឹងហានិភ័យផ្នែកច្បាប់មួយចំនួន។ ក្រៅពីហានិភ័យត្រូវបង្ខំឱ្យលក់ TikTok នៅលើទីផ្សារសហរដ្ឋអាមេរិក ByteDance ក៏កំពុងត្រូវបានរដ្ឋាភិបាលចិនតាមដានយ៉ាងម៉តចត់ផងដែរ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា