មហាសេដ្ឋី Petr Kellner អាយុ 56ឆ្នាំ ដែលជាអ្នកមានទ្រព្យច្រើនជាងគេប្រចាំសាធារណរដ្ឋឆេក បានបាត់បង់ជិវិតនៅក្នុងករណីធ្លាក់យន្តហោះនៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក កាលពីថ្ងៃទី 27មីនា ឆ្នាំ2021។
«យើងខ្ញុំសូមប្រកាសដោយក្ដីសោកស្ដាយយ៉ាងក្រៃលែងថា នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំ Alaska កាលពីថ្ងៃទី 27មីនា ស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុ PPF លោក Petr Kellner បានទទួលមរណភាព» PPF បានឱ្យដឹងនៅក្នុងប្រកាសរបស់ខ្លួននាថ្ងៃនេះ។
Kellner គឺជាអ្នកជំនួញល្បីឈ្មោះនៅសាធារណរដ្ឋឆេក ចាប់ពីទសវត្សរ៍ឆ្នាំ 1990។ យោងតាមទស្សនាវដ្ដី Forbes មហាសេដ្ឋីរូបនេះ មានទ្រព្យប្រមាណ 17.5ពាន់លានដុល្លារអាមេរិក។
នៅលើបណ្ដាញសង្គម Twitter នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក លោក Andrej Babis បានសរសេរថា៖ «ពិតជាមិនគួរឱ្យជឿសោះចំពោះសោកនាដកម្មនេះ។ ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់»។
ប៉ូលិសក្នុងរដ្ឋ Alaska បានឱ្យដឹងថា មនុស្សចំនួន 5នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រខាងលើនេះ។ អ្នកទាំងអស់សុទ្ធតែជាកីឡាករជិះស្គីលើព្រឹលដែលកំពុងចូលរួមដើរទេសចរណ៍នៅក្រៅប្រទេស។
លោក Kellner បានបង្កើត PPF តាំងពីទសវត្សរ៍ឆ្នាំ 1990 ដែលពេលនោះ PPF គឺជាក្រុមហ៊ុនវិនិយោគជាមួយដៃគូនានាដើម្បីចូលរួមអនុវត្តផែនការធ្វើឯកជនភាវូបនីយកម្មលើក្រុមហ៊ុនចំនួនរាប់រយរបស់រដ្ឋ។ ក្រោយពីបានកាន់កាប់ភាគហ៊ុននៃអតីតក្រុមហ៊ុនធានារ៉ាប់រងជាតិ Ceska Pojistovna ក្រុមហ៊ុន PPF ក៏មានឈ្នាន់បន្ថែមដើម្បីពង្រីកខ្លួន។
PPF បន្តរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ ផលិតកម្ម សារព័ត៌មាន និងបច្ចេកវិទ្យាជីវសាស្ត្រ ដោយមានក្រុមហ៊ុនធំៗនៅអឺរ៉ុប អាស៊ី និងអាមេរិក។ ទ្រព្យរបស់ PPF បានកើនឡើងដល់ 51.8ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ 2020។
PPF ក៏ជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Home Credit ដែលបច្ចុប្បន្នមានវត្តមាននៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសក្នុងតំំបន់អាស៊ីអាគ្នេយ៍។
មហាសេដ្ឋី Kellner មិនសូវបង្ហាញខ្លួនជាសាធារណៈ ប៉ុន្តែត្រូវបានគេស្គាល់ថាជាអ្នកជិះស្គីដ៏ពូកែ និងមានបទពិសោធន៍ច្រើន។ PPF ធ្លាប់បានភ្ជាប់រូបថតរបស់លោកកំពុងជិះស្គី នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន៕
ប្រភព៖ CNN, RT
ប្រែសម្រួល៖ បុត្រា