កប៉ាល់ Ever Given ដែលជាប់គាំងនៅក្នុងព្រែកជីក Suez កំពុងរាំងខ្ទប់ប្រភពផ្គត់ផ្គង់ប្រេងទៅឱ្យប្រទេសស៊ីរី នាំឱ្យប្រទេសនេះត្រូវបែងចែកប្រេងដែលមានស្រាប់ ទៅតាមបរិមាណដែលប្រទេសនេះកំណត់។
ផលប៉ះពាល់របស់កប៉ាល់ Ever Given ដែលជាប់គាំងនៅលើព្រែក Suez ចំពោះវិស័យដឹកជញ្ជូនសកល បានបង្ហាញយ៉ាងច្បាស់កាលពីថ្ងៃទី 27មីនា នៅពេលប្រទេសស៊ីរី ដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាមអស់ជាច្រើនឆ្នាំ ត្រូវបែងចែកប្រេងក្នុងស្រុកទៅតាមបរិមាណកំណត់ដើម្បីការពារប្រភពផ្គត់ផ្គង់ក្នុងប្រទេសដែលកំពុងថយចុះស្រាប់។
ក្រសួងប្រេងនិងរ៉ែនៃប្រទេសស៊ីរី បានឱ្យដឹងថា បញ្ហានៅលើព្រែកជីក Suez នៃប្រទេសអេហ្ស៊ីប បាន «រាំងស្ទះប្រភពផ្គត់ផ្គង់ប្រេង ធ្វើឱ្យកប៉ាល់ដឹកប្រេងដែលផ្គត់ផ្គង់មកឱ្យស៊ីរី ត្រូវពន្យារពេល» នេះបើតាមសារព័ត៌មានជាតិ SANA របស់ស៊ីរី។
ក្នុងគ្រាដែលមានការព្រួយបារម្ភអំពីបញ្ហាខ្វះប្រភពផ្គត់ផ្គង់ប្រេង ប្រទេសស៊ីរី ដែលស្ថិតនៅក្បែរព្រែកជីក Suez ត្រូវបង្ខំចិត្តបែងចែកប្រេងក្នុងស្រុកដែលមានស្រាប់ទៅតាមបរិមាណកំណត់ ក្នុងនោះភាគច្រើនគឺប្រេងម៉ាស៊ូត និងសារធាតុ benzene ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងរយៈពេលវែង តាមដែលអាចធ្វើបាន»។
ចំនួនកប៉ាល់ដែលកំពុងស្ទះចរាចរណ៍នៅលើព្រែកជីកដ៏មានសារសំខាន់របស់ប្រទេសអេហ្ស៊ីប បានកើនឡើងដល់ 326គ្រឿង រួមមានទាំងកប៉ាល់ដឹកកុងតឺន័រ កប៉ាល់ដឹកទំនិញផ្សេងៗ និងកប៉ាល់ដឹកប្រេងជាដើម នេះបើតាម Agencies ដែលជាអ្នកផ្គត់ផ្គង់សេវាកម្មរបស់ Suez។
សូមរំលឹកថា កប៉ាល់ដឹកកុងតឺន័រ Ever Given ដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលមានជាង 200,000តោន និងដោតទង់ជាតិរបស់ប៉ាណាម៉ា បានបុកបញ្ឆិតជញ្ជាំងព្រែកជីក Suez កាលពីព្រឹកថ្ងៃទី 24មីនា នៅពេលធ្វើដំណើរពីសមុទ្រក្រហម ទៅកាន់មជ្ឈឹមបូព៌ា ដោយសារតែត្រូវព្យុះបក់បោក។
ជាលទ្ធផល Ever Given ដែលជាកប៉ាល់ធំជាងគេមួយក្នុងពិភពលោក ជាមួយនឹងប្រវែង 400ម៉ែត្រ បានជាប់គាំងទទឹងព្រែកជីកដែលត្រូវបានគេចាត់ទុកថា ជាផ្លូវទឹកសំខាន់បំផុតក្នុងពិភពលោក តភ្ជាប់រវាងសមុទ្រក្រហម និងមជ្ឈមបូព៌ា។
ស្ថាប័នគ្រប់គ្រងព្រែកជីក Suez (SCA) បានបញ្ជាក់ថា ពួកគេកំពុងស្ដារបាតដីនៅជុំវិញកប៉ាល់ និងអូស Ever Given ដោយប្រើប្រាស់កប៉ាល់សង្គ្រោះ។ ការប្រឹងប្រែង បានជួយឱ្យកប៉ាល់នេះផ្លាស់ទីបានបន្តិច ប៉ុន្តែមិនដឹងថា វានឹងត្រូវបានសង្គ្រោះទាំងស្រុងនៅពេលណាឡើយ៕
>ការជួយសង្គ្រោះកប៉ាល់ «យក្ស» Ever Given ដែលជាប់គាំងទទឹងព្រែកជីក Suez កំពុងដំណើរការ
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា