ភ្នំពេញ៖ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រកាសចូលជាសមាជិកឆ្នេរសមុទ្រស្អាត នៅលើពិភពលោក ឬហៅថាតារារះនៅទិសនិរតីមក បានធ្វើឱ្យឆ្នេរសមុទ្រកំពង់សោម កាន់តែមានសក្តានុពលខ្លាំងឡើងក្នុងការទាក់ទាញភ្ញៀវទេសចរ។
ជាក់ស្តែងភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល6ខែ ដើមឆ្នាំ2017 មានចំនួនប្រមាណជិត25ម៉ឺននាក់ កើនឡើង10.65%ដែលក្នុងនោះទេសចរជនជាតិចិនមានចំនួន58,943នាក់ កើនឡើង132,43%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016 ដែលកំណើនដ៏ខ្លាំងនេះបានបង្ហាញឱ្យឃើញនូវឱកាសការងារដ៏ធំធេងសម្រាប់កម្ពុជាយើង។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ឆ្នេរឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ជំរុញឱ្យយុវជននៅតំបន់ឆ្នេរខិតខំពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងឡើងដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ពូកែឆ្លើយតបនឹងសេចក្តីត្រូវការរបស់ទេសចរដែលមកទស្សនាតំបន់ឆ្នេរដ៏ច្រើនកុះករក្រោយចូលជាសមាជិកនៃក្លិបឆ្នេរដ៏ស្អាតបំផុតលើពិភពលោក។ ឯកឧត្តមមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះគឺជាការផ្តល់ជំនាញ និងការងារជូនយុវជនកម្ពុជា ជាយុទ្ធសាស្ត្រអាទិភាពមួយដែលក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ខ្ពស់ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្នដោយឈរលើទស្សនទាន «ស្អាត និងបៃតង»។ ក្នុងន័យនេះ ក្រសួងបានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងភាគីពាក់ព័ន្ធនានាឱ្យខិតខំបណ្ដុះបណ្ដាលអ្នកកំពុងបម្រើការងារ និងយុវជនក្មេងៗឱ្យទទួលបានជំនាញច្បាស់លាស់ស្របតាមស្តង់ដារកម្មវិធីសិក្សា និងវិធីអភិវឌ្ឍន៍ជំនាញទេសចរណ៍ ដែលក្រសួងទេសចរណ៍បានផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់។
សូមរំឭកថា ដោយមានសុខសន្តិភាព និងសុវត្ថិភាពពេញផ្ទៃប្រទេស ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ2016 កម្ពុជាទទួលបានទេសចរអន្តរជាតិជាង5លាននាក់ ក្នុងកំណើន5% នាំចំណូលចូលជាតិប្រមាណ3,400លានដុល្លារ ស្មើនឹង13.5នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណ62ម៉ឺននាក់ ស្មើនឹង13%នៃការងារសរុប។ 6ខែដើមឆ្នាំ2017នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ2,6លាននាក់កើនឡើងប្រមាណ12,8% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2016 ។ ជាចក្ខុវិស័យឆ្នាំ 2020 កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ7លាននាក់ នាំចំណូលចូលជាតិប្រមាណ5ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត1លាននាក់៕