LG ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត លំដាប់ទី3 នៅលើពិភពលោក និងថែមទាំងជាគូប្រជែង ជាមួយក្រុមហ៊ុន Apple ទៀតផង។ យ៉ាងណាមិញ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីល្បាញ ខាងផលិតអេក្រង់ល្អបំផុតមួយនេះ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះការនាំចេញ និងថែមទាំងខាតបង់ទឹកប្រាក់អស់ចំនួន 4.5ពាន់លានដុល្លារក្នុងរយៈពេល 5ឆ្នាំកន្លងមក ដែលនេះជាហានិភ័យធំមួយ ដែលតម្រូវឱ្យ LG ធ្វើការវាយតម្លៃឡើងវិញជាបន្ទាន់។
ក្រុមហ៊ុន LG ក៏ត្រូវបានគេរំពឹងទុកដែរថា នឹងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តចុងក្រោយ អំពីអនាគតនៃអាជីវកម្មស្មាតហ្វូនរបស់ខ្លួន នៅខែក្រោយ បន្ទាប់ពីប្រជុំសម្រេចពីក្រុមប្រឹក្សាភិបាល ថាតើគួរបន្ដ ឬបិទ?។
LG ដែលជាក្រុមហ៊ុនធំជាងគេទី3 មួយនេះ កំពុងឈានដល់ដំណាក់កាលបិទអាជីវកម្មផ្នែកស្មាតហ្វូនរបស់ខ្លួនទាំងមូលតែម្ដង បន្ទាប់ពីបរាជ័យ ១លើក ជា 2លើក ក្នុងការស្វែងរកម្ចាស់ថ្មី មកជួយស្រោចស្រង់អាជីវកម្មមិនបានសោះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េត្បូងមួយនេះ បានពិភាក្សាជាមួយក្រុមហ៊ុន Vingroup របស់វៀតណាម និងក្រុមហ៊ុនផលិតរថយន្ត Volkswagen អំពីការទិញអាជីវកម្មស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែគួរឱ្យស្ដាយ ការចរចា មិនបានឈានដល់កិច្ចព្រមព្រៀងអី្វមួយឡើយ។ នេះយោងទៅតាមសារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
បើទោះជា LG ទំនងជានឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួនក៏ពិតមែន តែសេចក្ដីរាយការណ៍បន្ថែម បានឱ្យដឹងទៀតថា ជំនួសឱ្យការផលិតស្មាតហ្វូននិងលក់ផ្ទាល់ ពួកគេនៅតែដំណើរការអាជីវកម្មផ្សេងៗទៀត ដែលកំពុងតែទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីអតិថិជន ដូចជា ផ្នែកផលិតគ្រឿងបន្លាស់រថយន្ត និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ជាដើម៕