ជាមួយនឹងទីផ្សារតែទឹកដោះគោដែលមានទំហំរាប់សែនលានដុល្លារអាមេរិក របៀបលាយតែទឹកដោះគោបានក្លាយជាមុខរបរថ្មីមួយនៅក្នុងវចនានុក្រមដែលនិយាយអំពីប្រភេទការងារក្នុងសង្គម។
មុខរបរលាយតែទឹកដោះគោ រួមនឹងមុខរបរចំនួន 17 ផ្សេងទៀត ដែលមានដូចជា ភ្នាក់ងារលក់រថយន្តមួយទឹក, អ្នកជំនាញខាងលេងហ្គេម និង live streamer (ពិធីករដឹកនាំការផ្សាយផ្ទាល់លើអ៊ីនធើណិត) ជាដើម គឺជាមុខរបរថ្មីដែលទើបត្រូវបានបញ្ចូលឈ្មោះទៅក្នុង «វចនានុក្រមបែងចែកប្រភេទមុខរបរចិន» នេះបើតាមលទ្ធផលស្រាវជ្រាវដែលត្រូវបានប្រកាសកាលពីថ្ងៃទី 23មីនា ដោយក្រសួងធនធានមនុស្សនិងសន្តិសុខសង្គមចិន (MOHRSS) រួមនឹងនាយកដ្ឋានគ្រប់គ្រងទីផ្សារ និងនាយកដ្ឋានស្ថិតិជាតិ។
ទូរទស្សន៍ជាតិចិន (CCTV) ដកស្រង់សំដីរបស់អ្នកជំនាញខាងលាយតែទឹកដោះគោម្នាក់ ឈ្មោះ Huang Peng ឱ្យដឹងថា៖ «បច្ចេកទេសលាយតែទឹកដោះគោ មានការលំបាកនៅត្រង់ថា អ្នកលាយត្រូវលៃលកបរិមាណរបស់គ្រឿងផ្សំផ្សេងៗគ្នា ដើម្បីឆ្លើយតបនឹងចំណូលចិត្តរបស់អតិថិជន»។
អ្នកជំនាញខាងលាយតែទឹកដោះគោគឺជាអ្នកបង្កើតភេសជ្ជជាតែទឹកដោះគោដោយការលាយបញ្ចូលគ្នារវាងតែ ផ្លែឈើ និងផលិតផលដែលធ្វើពីទឹកដោះគោ ទៅតាមបរិមាណកំណត់ជាក់លាក់ណាមួយ។ មុខរបរថ្មីនេះ មិនត្រឹមតែបង្កើតឱ្យមានភាពងាយស្រួលក្នុងការជ្រើសរើសបុគ្គលិកពីសំណាក់ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ជួយជំរុញកំណើតសេដ្ឋកិច្ចដែលទាក់ទងនឹងវិស័យតែ ទឹកដោះគោ និងផ្លែឈើ ឱ្យរីកចម្រើនឆាប់រហ័សផងដែរ។ នេះបើតាម MOHRSS។
បច្ចុប្បន្ន ប្រទេសចិនមានមនុស្សជាង 340លាននាក់ ជាអតិថិជនរបស់តែទឹកដោះគោ។ តាមការរំពឹងទុក ទំហំទីផ្សារការងារក្នុងវិស័យតែទឹកដោះគោនៅប្រទេសចិន នឹងកើនឡើងលើស 110ពាន់លានយុន (16.86ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ 2021៕
ប្រភព៖ Global Times
ប្រែសម្រួល៖ បុត្រា