ភ្នំពេញ៖ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃពិសេសបង្កើនការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសថៃសំដៅកាត់បន្ថយគម្លាតពាណិជ្ជកម្មនាំចេញ-នាំចូលនោះកម្ពុជា-ថៃ ត្រៀមរៀបចំសិក្ខាសាលាមួយដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង។
ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ដាម ប៊ុនថាំ អគ្គរាជទូត និងអនុប្រធានបេសកកម្មប្រចាំស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍សង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលា និងជំនួបពាណិជ្ជករខាងលើគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 ដើម្បីពិភាក្សាទៅលើវិស័យមួយចំនួនដូចជាវិស័យកសិកម្ម វិនិយោគ និងដឹកជញ្ជូន ដែលជាវិស័យសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំឱ្យមានការជួបពិភាក្សាដោយផ្ទាល់រវាងសភាពាណិជ្ជកម្ម និងពាណិជ្ជករនៃប្រទេសទាំងពីរ ជាពិសេសអ្នកនាំចេញផលិតផលខ្មែរ សមាគមកសិករ និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។
របាយការណ៍ពាណិជ្ជកម្មនៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបង្ហាញថា ឆ្នាំ2017នេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាថៃនឹងកើនដល់ទឹកប្រាក់ 5,800 លានដុល្លារអាមេរិក កើនឡើងប្រមាណជា3.6%។ ការកើនឡើងសម្រាប់ឆ្នាំ2017 គឺជាសញ្ញាល្អឡើងវិញរវាងប្រទេសទាំងពីរ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កាលពីឆ្នាំ2016កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទំហំទឹកប្រាក់តែ 5,600លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសថៃរួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមកកម្ពុជាវិញមានដូចជាគ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ និងសម្ភារសំណង់ជាដើម៕