Skip to content

ការជួយ​សង្គ្រោះ​កប៉ាល់ «យក្ស» Ever Given ដែល​​ជាប់គាំង​ទទឹង​ព្រែកជីក Suez កំពុង​​​ដំណើរការ

ករណី​កប៉ាល់​ដឹកទំនិញ​ជាង 200,000តោន ឈ្មោះ Ever Given ដែល​កំពុង​ជាប់គាំង និង​រាំងស្ទះ​នៅលើ​ព្រែកជីក Suez កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ពី SMIT Salvage ដែលជា​ក្រុមហ៊ុន​សង្គ្រោះ​កប៉ាល់​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ហូ​ឡង់។

យោងតាម​ស្ថាប័ន​គ្រប់គ្រង​ព្រែក Suez ក​ប៉ាក់​ដឹកទំនិញ​ដ៏​ធំ ឈ្មោះ Ever Given ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ Evergreen Marine និង​ដោត​ទង់ជាតិ​របស់​ប៉ា​ណា​ម៉ា កាលពី​ថ្ងៃទី 23មីនា បាន​ជួបប្រទះ​នឹង​ខ្យល់ព្យុះ​ធូលី​មួយ​នៅពេល​កំពុង​ដឹកទំនិញ​រាប់ពាន់​តោន​ឆ្ពោះទៅកាន់ Rotterdam នៃ​ប្រទេស​ហូ​ឡង់ បណ្ដាលឱ្យ​ក្រុម​នាវិក​ពិបាក​ក្នុងការ​បញ្ជា​កប៉ាល់​ក្រោម​ខ្យល់​បោកបក់​យ៉ាងខ្លាំង និង​មាន​បញ្ហា​ដាច់​ភ្លើង។

ជា​លទ្ធផល Ever Given ដែលជា​កប៉ាល់​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ជាមួយនឹង​ចំណុះ​ជិត 220,000តោន ប្រវែង 400ម៉ែត្រ បាន​ជាប់គាំង​ទទឹង​ព្រែកជីក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លូវទឹក​សំខាន់បំផុត​ក្នុង​ពិភពលោក ត​ភ្ជាប់​រវាង​សមុទ្រ​ក្រហម និង​ម​ជ្ឈ​ម​បូព៌ា។

ពណ៌​លឿង​គឺជា​កប៉ាល់​ Ever Given ចំណែក​​នៅ​ជុំ​វិញ​គឺជា​កប៉ាល់​អូស​

កប៉ាល់​ជាង 100គ្រឿង​ផ្សេងទៀត កំពុង​ស្ទះ​នៅ​ពីក្រោយ Ever Given។ តម្លៃ​ប្រេង​កាលពី​ថ្ងៃទី 24មីនា ក៏បាន​កើនឡើង​នៅពេល​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​នៃ​ការប្រើប្រាស់​ព្រែកជីក Suez ជា​កន្លែង​ដែល​ចរន្តទឹក​ប្រាក់​ទំហំ​ប្រមាណ 12% របស់​ពិភពលោក ត្រូវ​ឆ្លងកាត់​ទីនេះ។

ការជួយ​សង្គ្រោះ Ever Give គឺជា​ភារកិច្ច​យ៉ាង​លំបាក។ រូបភាព​ដែល​បានមកពី​ផ្កាយរណប បាន​បង្ហាញថា ច្រមុះ​របស់​កប៉ាល់​ស្ថិត​នៅជាប់​ជញ្ជាំង​ភាគ​ខាងកើត​របស់​ព្រែក ចំណែក​កន្ទុយ​របស់​វា ទំនងជា​កំពុង​ប៉ះ​នឹង​ជញ្ជាំង​ផ្នែក​ខាងលិច។

«មើល​ពី​ក្រៅ កប៉ាល់​នេះ​កំពុង​ជាប់គាំង​យ៉ាង​ណែន។ កប៉ាល់​ទាញ​ជាច្រើន​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ប៉ុន្តែ​គ្មាន​ប្រយោជន​សោះ» Julianne Cona វិស្វករ​របស់​កប៉ាល់ Maersk Denver ដែល​កំពុង​ស្ទះផ្លូវ​នៅ​ខាងក្រោយ Ever Given បាន​សរសេរ​នៅលើ​ទំព័រ Instagram។

SMIT Salvage ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Royal Boskalis Westminster NV នៃ​ប្រទេស​ហូ​ឡង់ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ត្រូវបាន​ម្ចាស់​កប៉ាល់ Ever Given ជ្រើសរើស​ដើម្បី​សង្គ្រោះ​កប៉ាល់​កំពុង​ជាប់គាំង​នេះ។ SMIT Salvage ធ្លាប់បាន​ជួយសង្គ្រោះ​កប៉ាល់​ជាច្រើន​ដែលមាន​បញ្ហា​នៅលើ​សមុទ្រ ក្នុងនោះ​មានដូចជា ករណី​សង្គ្រោះ​នាវាមុជទឹក​រុស្ស៊ី​ដែល​បាន​លិច​កាលពី​ឆ្នាំ 2001 ឬ​ករណី​បូម​ប្រេង​ចេញពី​ក្នុង​នាវា​ទេសចរណ៍ Costa Concordia ដែល​ជាប់គាំង​នៅ​អ៊ីតាលី​កាលពី​ឆ្នាំ 2012។ល។

Martijn Schuttevaer អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Boskalis បានឱ្យដឹងថា៖ «ប្រការ​សំខាន់​គឺ​ត្រូវ​ដឹង​អំពី​កម្រិត​នៃ​ការ​ប៉ះ​ទៅលើ​ជញ្ជាំង​របស់​ព្រែក។ សំណួរ​ត្រូវបាន​ដាក់ចេញ​នោះ​គឺថា តើ​ការផ្លាស់​ទី​របស់​កប៉ាល់​នេះ មានការ​លំបាក​កម្រិត​ណា?»។

ចម្លើយ​សម្រាប់​សំណួរ​ខាងលើ​នឹង​កំណត់​បាន​នូវ​អ្វីដែល​នឹងត្រូវ​ធ្វើ​បន្ទាប់។ ក្រុម​អ្នក​ជួយសង្គ្រោះ​នឹងត្រូវ​រក​វិធី​ធ្វើឱ្យ​កប៉ាល់​នេះ​ស្រាល​ជាង​មុន ដើម្បី​អាច​អូស​វា​ទៅកាន់​ទីតាំង​ដែល​មិនសូវមាន​ឧបសគ្គ ក្នុង​បំណង​បើកផ្លូវ​ឱ្យ​កប៉ាល់ផ្សេងៗអាច​ឆ្លងកាត់​បាន។ ក្រុម​អ្នក​ជួយសង្គ្រោះ អាច​បូមទឹក និង​ឥន្ធនៈ​ចេញពី​កប៉ាល់ នេះ​បើតាម Schuttavaer។

ក្នុងករណី​អាក្រក់​បំផុត គេ​អាច​ត្រូវយក​កុងតឺន័រ​ចេញពី​កប៉ាល់។ ដំណើរការ​នេះ​នឹង​ស៊ីពេល​យូរ​ប៉ុន្មាន​គឺ​អាស្រ័យ​លើ​ឧបករណ៍​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ជុំវិញ​កប៉ាល់ ក្នុងនោះ ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ​គឺជា​ជម្រើស​ល្អ​មួយ។

គម្រោង​របស់ SMIT គឺ​បញ្ជូន​មនុស្ស​មួយក្រុម រួមមាន 8នាក់ ទៅកាន់​ទីតាំង​របស់ Ever Given នៅ​ព្រឹក​ថ្ងៃទី 25មីនា (ម៉ោង​ក្នុងស្រុក) ដើម្បី​ត្រួតពិនិត្យ​កប៉ាល់។ Joseph Farrell III ជា​នាយក​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រចាំ Resolve Marine ដែលជា​ក្រុមហ៊ុន​សេវាកម្ម​ជួយសង្គ្រោះ​មួយ​ផ្សេងទៀត ឱ្យដឹងថា ក្រុម​ដូច្នេះ​តែង​ត្រូវបាន​ដឹកនាំ​ដោយ​អ្នកជំនាញ​ក្នុងការ​ជួយសង្គ្រោះ មានដូចជា​អតីត​ប្រធាន​ក្រុម​នាវិក​ជាដើម ប៉ុន្តែ​ក៏ត្រូវ​មាន​ទាំង​អ្នក​មុជទឹក ជាងផ្សារដែក និង​អ្នកបញ្ជា​ដង​ស្ទូច​ជាដើម។

បច្ចុប្បន្ន ភារកិច្ច​ដំបូង​គឺ​ត្រូវ​ស្ដារ​បាតដី​នៅ​ជុំវិញ​កប៉ាល់។ គណៈ​គ្រប់គ្រង​របស់​ព្រែក Suez បាន​បញ្ជូន​កប៉ាល់​ស្ដារ​ទៅកាន់​ទីតាំង​កើតហេតុ ដើម្បី​យក​ខ្សាច់​នៅក្រោម​ទឹក មុនពេល​កម្លាំង​ជួយសង្គ្រោះ អូស​កប៉ាល់​នោះ​ចេញ៕

ប្រភព៖ Washington Post, Bloomberg
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *