មហាសេដ្ឋី Colin Huang លាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលរបស់ Pinduoduo បន្ទាប់ពីផ្សារអនឡាញនេះបានយកឈ្នះលើក្រុមហ៊ុនយក្ស Alibaba និង JD.com បើគិតទៅលើតួលេខអ្នកប្រើប្រាស់សរុប។
Chen Lei ដែលជាមិត្តរួមថ្នាក់កាលពីនៅរៀន និងជាអ្នកធ្លាប់ទទួលតំណែង CEO ជំនួស Colin Huang ចាប់ពីខែកក្កដា ឆ្នាំ2020 នឹងឡើងកាន់តំណែងប្រធានរបស់ក្រុមហ៊ុន Pinduoduo។ នៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់ម្ចាស់ហ៊ុនទាំងអស់កាលពីពេលថ្មីៗនេះ លោក Huang យល់ថា លោកមានភាពសមស្របដើម្បីចាកចេញពីតំបន់សុវត្ថិភាព និងចាប់ផ្ដើមដំណើរផ្សងព្រេងថ្មី។ ទន្ទឹមនឹងនេះ មហាសេដ្ឋីចិនរូបនេះក៏បានឱ្យដឹងថា Pinduoduo កំពុងឈានចូលដល់ដំណាក់កាលពេញវ័យ ដូច្នេះ ការដែលលោកចាកចេញនឹងជួយឱ្យក្រុមហ៊ុនរីកចម្រើនដោយឯករាជ្យជាងមុន។
សេចក្ដីប្រកាសថ្មីដែលទើបត្រូវបានក្រុមហ៊ុន Pinduoduo លើកឡើងនាពេលថ្មីៗនេះ បានបញ្ជាក់ថា លោក Huang នឹងផ្ដោតការយកចិត្តទុកដាក់ និងស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រទាក់ទិននឹងការរស់នៅ ជាវិស័យដែលអាចបង្កើតបានប្រការថ្មីៗដែលជួយជំរុញវិស័យកសិកម្មនៅប្រទេសចិន ឱ្យបានរីកចម្រើនជាងបច្ចុប្បន្ន។ យោងតាម Wall Street Journal លោក Huang បានទាក់ទងទៅកាន់សាកលវិទ្យាល័យជាច្រើនដើម្បីបង្កើតបន្ទប់ពិសោធន៍ សិក្សាស្រាវជ្រាវបច្ចេកវិទ្យាជីវសាស្ត្រ។
តម្លៃមូលធនទីផ្សាររបស់ Pinduoduo បានធ្លាក់ចុះជិត 8% បន្ទាប់ពីព័ត៌មានស្ដីអំពីការលាលែងរបស់លោក Huang ត្រូវបានប្រកាស។ ទ្រព្យរបស់មហាសេដ្ឋីវ័យ 41ឆ្នាំរូបនេះក៏ត្រូវបាត់បង់ប្រមាណ 4ពាន់លានដុល្លារ ព្រោះតែការសម្រេចចិត្តរបស់លោក។ ថ្វីបើបាត់បង់សិទ្ធិក្នុងការបោះឆ្នោត និងអំណាចក្នុងការសម្រេចចិត្តចុងក្រោយនៅក្នុងក្រុមប្រឹក្សាភិបាល បន្ទាប់ពីចាកចេញពីតំណែងចំនួនពីរ (នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាល) លោក Huang នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Pinduoduo ដោយកាន់កាប់ភាគហ៊ុនចំនួន 29%។
ជាមួយនឹងអ្នកប្រើប្រាស់ចំនួន 788លាននាក់ Pinduoduo បច្ចុប្បន្នគឺជាគូប្រជែងធំរបស់ផ្សារអនឡាញ Alibaba និង JD.com។ ជោគជ័យរបស់ Pinduoduo មួយភាគធំគឺបានមកពីរូបមន្ត «ទិញជាក្រុម» នៅពេលក្រុមហ៊ុននេះលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ចែករំលែកតំណភ្ជាប់អំពីផលិតផលមួយមុខ ដើម្បីអញ្ជើញមិត្តភក្ដិចូលរួមទិញជាក្រុម ក្នុងបំណងទទួលបានតម្លៃទាបបំផុត។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ Pinduoduo បានចាប់ផ្ដើមវិនិយោគច្រើនទៅលើវិស័យដែលទាក់ទងនឹងកសិកម្ម ការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាថ្មី ដើម្បីអាចក្លាយជាបណ្ដាញផ្សារចាបហួយធំជាងគេបង្អស់ក្នុងពិភពលោក។ ផ្សារលក់ទំនិញចាបហួយអនឡាញ Duo Duo Grocery របស់ក្រុមហ៊ុននេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនជាមេផ្ទះ ដោយសារមានលក់ និងដឹកជញ្ជូនដល់ដៃអ្នកប្រើប្រាស់នូវផលិតផលជាគ្រឿងទេស។ ក្នុងឆ្នាំ2020 តម្លៃសរុបនៃផលិតផលកសិកម្មដែលត្រូវបានលក់នៅលើផ្សារ Pinduoduo បានកើនដល់ 270ពាន់លានយុន (41,338,755,000ដុល្លារអាមេរិក) កើនទ្វេដងបើធៀបនឹងឆ្នាំ2019 នាំឱ្យ Pinduoduo ក្លាយជាផ្សារលក់ផលិតផលកសិកម្មធំជាងគេនៅប្រទេសចិន៕
ប្រភព៖ CNBC, SCMP
ប្រែសម្រួល៖ បុត្រា