ជិត10 ឆ្នាំក្រោយបាត់មុខពីទីផ្សារទូរស័ព្ទកម្ពុជា ពេលនេះក្រុមហ៊ុនទូរស័ព្ទ Motorola បានវិលត្រឡប់ចូលមកវិញហើយ ជាមួយនឹងការដាក់បង្ហាញផលិតស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត នាឡិកាឆ្លាតវៃ និងគ្រឿងប្រើប្រាស់ជាច្រើនទៀត។
តាមការឱ្យដឹងពីលោក Nheb Chantha ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ECI Distribution Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្ដាច់មុខទូរស័ព្ទ Motorola ទូទាំងប្រទេសបានឱ្យដឹងថា Motorola ជាម៉ាកសញ្ញាក្រុមហ៊ុនទូរស័ព្ទដែលល្បីល្បាញមួយក្នុងពិភពស្មាតហ្វូន ប៉ុន្ដែបានបាត់មុខពីទីផ្សារកម្ពុជាជាច្រើនឆ្នាំ និងទើបតែពេលនេះត្រូវបាន ECI យកចូលមកវិញ ដោយមានក្រុមហ៊ុន NMKH Limited ជាអ្នកចែកចាយបន្ដទៅគ្រប់ហាងទូរស័ព្ទ។
អ្នកគ្រប់គ្រងទូទៅរូបនេះថ្លែងថា៖ «ដូចអ្វីដែលយើងបានដឹងហើយថា Motorola កាលពីមុនគឺទទួលបានការគាំច្រើនណាស់ពីអ្នកប្រើប្រាស់ខ្មែរយើង ប៉ុន្តែដោយគ្មានក្រុមហ៊ុននាំចូលផ្លូវការទើបវាស្ងាត់ទៅវិញ។ ប៉ុន្ដែពេលនេះ យើងនឹងធ្វើឱ្យវាល្បីល្បាញម្ដងទៀត»។
លោក Liu Wenchuan អ្នកគ្រប់គ្រងផ្នែកទូរស័ព្ទ Motorola សម្រាប់ទីផ្សារកម្ពុជា បានឱ្យដឹងដែរថា Motorola ជាប្រភេទឧស្សាហកម្មទូរស័ព្ទចល័តដែលត្រូវបានច្នៃប្រឌិតឡើងដោយបច្ចេកវិទ្យាខ្ពស់ស្របតាមយុគសម័យបច្ចុប្បន្ន ដើម្បីផ្តល់ជូននូវភាពងាយស្រួលកាន់តែប្រសើរ។ អស់រយៈពេល 80 ឆ្នាំមកហើយ ដែលក្រុមវិស្វករ Motorola បានធ្វើការស្រាវជ្រាវទៅលើការច្នៃប្រឌិតថ្មី និងស្វែងរកនូវវិធីសាស្ដ្រថ្មីៗក្នុងការដោះស្រាយបញ្ហាផ្សេង។ យើងជឿជាក់ថាលក្ខណៈពិសេសថ្មីៗនិងបច្ចេកវិទ្យាទំនើបៗនៃទូរស័ព្ទដៃចល័តមួយនេះនឹងពាំនាំមកនូវប្រជាប្រិយភាព និងបំពេញនូវតម្រូវការក្នុងទីផ្សារប្រទេសកម្ពុជា។
សម្រាប់ថ្ងៃវិលចូលទីផ្សារនេះ ក្រុមហ៊ុនបានដាក់ចេញនូវស្មាតហ្វូន Motorolamoto z ដែលទូរស័ព្ទនេះមានអេក្រង់ 5.5 អ៊ីញ ប្រភេទ QHD ទំហំ Ram 4GB និងថាមពលថ្ម 2600mAh ដាក់ក្នុងតម្លៃប្រមាណ 659 ដុល្លារ ហើយទូរស័ព្ទ moto z2 Play អេក្រង់ 5.5 អ៊ីញ ប្រភេទ QHD ទំហំ Ram 4GB និងថាមពលថ្ម 3000mAh ដាក់ក្នុងតម្លៃប្រមាណ 555 ដុល្លារ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មាននាំចូលទូរស័ព្ទធូរថ្លៃដូចជា moto m,moto g5 Plus,moto e4,moto e4 Plus,moto c និង moto c Plus ផងដែរ៕