បើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ ពីការិយាល័យកណ្ដាលរបស់ Cupertino របស់ Apple កាលពីសប្ដាហ៍មុនបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនេះ បានបញ្ចេញឱ្យដឹងនូវគម្រោងថ្មីមួយទៀត នោះគឺ ការចំណាយ 1ពាន់លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលផលិតឈីប 5G ដោយផ្ទាល់ខ្លួន។
ការប្ដេជ្ញាចិត្តនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Apple កំពុងត្រៀមខ្លួន ដើម្បីដើរចេញពីម៉ូឌឹម 5G របស់ Qualcomm ដែលពួកគេធ្លាប់សហការគ្នាប្រើវាកន្លងមក យកមកដាក់ក្នុងផលិតផល Apple ទ្រទ្រង់សេវា 5G បាន ហើយកាន់តែច្បាស់បន្ថែមទៀតនោះ គឺកាលពី ឆ្នាំ2019 ក្រុមហ៊ុន Apple ថែមទាំងបានទិញយកអាជីវកម្មផលិតម៉ូឌឹម 5G របស់ស្មាតហ្វូន ពីក្រុមហ៊ុន intel ទៀតផង។
ទឹកប្រាក់ដែល Apple បានត្រៀមជាង 1ពាន់លានដុល្លារនោះ នឹងធ្វើឱ្យលេចចេញជារូបរាង ក្នុងរយៈពេល 3ឆ្នាំខាងមុខ ទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មី របស់ពួកគេនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង។
បច្ចុប្បន្នទីតាំងចាស់នៅទីក្រុងមុយនិច នៅប្រទេសអាល្លឺម៉ងរបស់ Apple នៅអឺរ៉ុប មានវិស្វករជំនាញ 1,500នាក់ ដោយបម្រើការលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ចាប់ពីផ្នែកបច្ចេកវិទ្យាឥតខ្សែ រហូតដល់ប្រព័ន្ធកម្មវិធីសំខាន់ៗដទៃទៀតផងដែរ តែទាំងអស់នេះ មិនទាន់រាប់បញ្ចូលគម្រោងថ្មីខាងលើនោះទេ៕