កូនដង្កូវដែលកើតចេញពីសត្វរុយខ្មៅម្យ៉ាងដែលមានឈ្មោះថា maggots ត្រូវគេយកមកធ្វើជាអាហារសម្រាប់សត្វចិញ្ចឹម និងជីសម្រាប់ដាក់ដំណាំ បានក្លាយជាសត្វដ៏មានតម្លៃ ដោយសារបច្ចេកទេសចម្រាញ់យកសារធាតុជីវសាស្ត្ររបស់កសិដ្ឋាន Insectta នៅប្រទេសសិង្ហបុរី។
កូនដង្កូវរបស់សត្វរុយ maggots មានសមត្ថភាពស៊ីកាកសំណល់អាហារបានយ៉ាងច្រើន ហើយធំឡើងយ៉ាងឆាប់រហ័ស ដែលកម្រមានសត្វណាមួយអាចធ្វើបានយ៉ាងដូច្នេះ។ កសិដ្ឋាន Insectta នៅប្រទេសសិង្ហបុរីគឺជាកន្លែងប្រមូលយកសាធាតុជីវសាស្ត្រពីកូនដង្កូវរបស់រុយខ្មៅ maggots ដែលផ្ដល់ប្រាក់ចំណេញឱ្យពួកគេបានយ៉ាងច្រើន។
Chua Kai-ning ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Insectta ឱ្យដឹងថា៖ «ការងារជំនាញរបស់យើងខ្ញុំនៅទីនេះគឺចម្រាញ់យកសារធាតុ chitosan, melanin និងប្រភេទបាក់តេរីមានប្រយោជន៍ពីកាកសំណល់របស់ដង្កូវ maggots»។
Chitosan មានប្រសិទ្ធភាពក្នុងការបង្ការជំងឺរលាក ដែលត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងផលិតផលថែទាំសម្រស់ និងឱសថ។ ចំណែកសារធាតុ melanin អាចត្រូវបានគេបំប្លែងទៅជាធាតុចម្លងអគ្គិសនីដែលប្រើប្រាស់ក្នុងការផលិតគ្រឿងអគ្គិសនី។
ក្រុមហ៊ុន Insectta ក៏កំពុងតែចិញ្ចឹមសត្វល្អិននេះដើម្បីយកបាក់តេរីល្អ សម្រាប់ផលិតជាចំណីសត្វ។ ភាគីក្រុមហ៊ុនបានអះអាងថា ការចិញ្ចឹម និងការដោះស្រាយបញ្ហាកាកសំណល់របស់ដង្កូវ maggots គឺពិតជាល្អសម្រាប់បរិស្ថាន។
កូនដង្កូវ maggots រាប់លានក្បាលអាចស៊ីកាកសំណល់អាហាររហូតដល់ 400គីឡូក្រាមជារៀងរាល់ថ្ងៃ។ សំណល់អាហារនៅប្រទេសសិង្ហបុរី មានរហូតដល់ 10% ក្នុងចំណោមសំរាមសរុបនៅប្រទេសនេះក្នុងឆ្នាំ 2019។ ឆ្នាំ 2020 សំណល់អាហារនៅសិង្ហបុរី បានកើនឡើងដល់ 744,000តោន៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា