Skip to content

Xiaomi ចាប់ផ្ដើម​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ផ្ទាល់​ខ្លួន​

ប្រភពព័ត៌មាន​ពី​ប្រទេស​ចិន​ដែល​ដកស្រង់​សំដី​របស់​ក្រុម​អ្នកវិនិយោគ​ដែល​ស្និទ្ធ​នឹង CEO Lei Jun បានឱ្យដឹងថា ក្រុមហ៊ុន Xiaomi កំពុង​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​លឿន​នូវ​គម្រោង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​របស់ខ្លួន។ គម្រោង​នេះ​នឹងត្រូវ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​រយៈពេល​ពីមួយ​ទៅ​ពីរ​ខែ​ខាងមុខ។

រថយន្ត​របស់ Xiaomi នឹងមាន​រូបរាង​ដូច​ទៅនឹង​រថយន្ត​យីហោ Xiaopeng (Xiaopeng P7) របស់​ចិន និង​ត្រូវបាន​ផ្ដោត​សំខាន់​ទៅលើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត។ សហ​ស្ថាបនិក និង​ជា​អនុប្រធាន​ក្រុមហ៊ុន លោក Wang Chuan នឹង​ទទួលខុសត្រូវ​លើ​កិច្ចការ​អភិវឌ្ឍ​គម្រោង​នេះ។

កាលពី​ចុងខែ​កុម្ភៈ CEO Lei Jun បាន​ជួបប្រជុំ​ជាមួយនឹង​លោក Li Bin ដែលជា​ស្ថាបនិក​របស់ Weilai Automobile ពិភាក្សាគ្នា​អំពី​បញ្ហា​ផលិត​រថយន្ត។ ក្រៅពីនេះ អនុប្រធាន Wang Chuan ក៏​កំពុងតែ​ស្វែងរក​កម្លាំង​សម្រាប់​វិស័យ​នេះដែរ រួមមាន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ដំណើរការ​នៃ​ការផលិត។

រថយន្តយីហោ Xiaopeng (Xiaopeng P7)

ក៏ប៉ុន្តែ មុននេះ​មិនយូរប៉ុន្មាន Xiaomi បានប្រកាស​ជា​ផ្លូវការ បដិសេធ​រាល់​ដំណឹង​ចចាមអារ៉ាម​មុន​នោះ​ស្ដីអំពី​ការអភិវឌ្ឍ​រថយន្តរ​បស់​ក្រុមហ៊ុន​នេះ។ នៅក្នុង​សេចក្ដីប្រកាស​នោះ Xiaomi បញ្ជាក់ថា៖ «Xiaomi តែង​យកចិត្តទុកដាក់​លើ​ការរីកចម្រើន​នៃ​វិស័យ​រថយន្ត​អគ្គិសនី ដោយ​វាត​ម្លៃ និង​ស្រាវជ្រាវ​លើ​និន្នាការថ្មីៗទាក់ទង​នឹង​ការរីកចម្រើន។ ប៉ុន្តែ ដំណាក់កាល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ Xiaomi ក្នុង​វិស័យ​រថយន្ត​អគ្គិសនី នៅតែ​មិនទាន់​ដើរ​ដល់​ដំណាក់កាល​ផ្លូវការ​នៅឡើយ»។

Xiaomi ទំនងជា​មិន​ចង់​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ណាមួយ​របស់ខ្លួន​ទាក់ទិន​នឹង​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី នៅមុន​ពេល​ដើរ​ដល់​ដំណាក់កាល​ផលិត ឬ​ទទួលបាន​ជោគជ័យ​ជាក់លាក់​ណាមួយ ដែល​នេះ​គឺ​ប្រហាក់ប្រហែល​ទៅនឹង​គម្រោង​អភិវឌ្ឍ​រថយន្ត​របស់​ក្រុមហ៊ុន Apple ដូច្នោះ​ដែរ៕

ប្រភព៖ Gizchina
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *