បន្ទាប់ពីតារាសម្ដែង សុខ ដែន បង្ហើបថា កញ្ញា អាង សុនីតា ដែលទទួលសម្ដែងឱ្យលោកក្នុងបទ «មន្តគាថាស្នេហ៍» មានឈុតឆាកថើបជញ្ជក់មាត់ដោយនាងមិនគិតថ្លៃរួចមក ក៏មានព័ត៌មានលេចឮថា តារាសម្ដែងស្រីរូបនេះកំពុងតែខឹងយ៉ាងខ្លាំងគ្រាដែលចាត់ទុកថា ការលើកឡើងបែបនេះហាក់មិនឱ្យតម្លៃនាង។
ចាប់តាំងពីកញ្ញា អាង សុនីតា ចាប់អាជីពសម្ដែងមកនាងពុំដែលសម្ដែងឈុតស្និទ្ធស្នាលថើបជញ្ជក់មាត់ជាមួយតារាសម្ដែងប្រុសរូបណាឡើយ ទើបតែក្នុងបទ «មន្តគាថាស្នេហ៍» មួយនេះទេដែលនាងសម្ដែងក្នុងឈុតនេះ។ តាមព័ត៌មានលេចឮពីអ្នកសិល្បៈផ្សេងទៀតថា អាង សុនីតា កំពុងតែខឹងយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក សុខ ដែន ហាក់ដូចជាមិនឱ្យតម្លៃនាងគ្រាដែលនាងខំលះបង់ឈុតសម្ដែងបឺតជញ្ជាក់មាត់ដែលនាងមិនធ្លាប់សម្ដែងពីមុនមក។
ទោះយ៉ាងណាយើងពុំអាចសុំការបំភ្លឺពីកញ្ញា អាង សុនីតា បានទេ តែដោយឡែកលោកសុខ ដែន បានប្រាប់ថា លោកគ្មានបំណងចង់លើកឡើងក្នុងន័យមិនផ្ដល់តម្លៃឱ្យកញ្ញា អាង សុនីតា ទេ ផ្ទុយទៅវិញលោកចង់បង្ហាញពីការរាប់អានរវាងលោក និងនាង ដែលសុខចិត្ដជួយសម្ដែងឱ្យលោកដោយឥតគិតថ្លៃ និងថែមទាំងលះបង់ច្រើនទៀតផង។
លោកសុខ ដែន បញ្ជាក់ថា៖ «ខ្ញុំអត់ដឹងច្បាស់ថា នាងខឹងរឿងអ្វីទេ តែយ៉ាងណាក៏ខ្ញុំសុំទោសពីចម្ងាយផងប្រសិនបើការលើកឡើងខុសឆ្គងដោយប្រការណាមួយ។ ជាងនេះខ្ញុំក៏សូមថ្លែងអំណរគុណដោយកញ្ញា អាង សុនីតា រួមនិងលោក ពៅ គីសាន់ ហៅនាយឆើត លោកវង់ ណយ និងតារាសម្ដែងដទៃទៀតដែលជួយក្នុងការសម្ដែងបទនេះ»៕