កីឡាការិនីកូនកាត់កម្ពុជា-មិកស៊ិក-អាមេរិកាំង ខាន់ ចេសា ឈ្នះខ្សែក្រវាត់ Who Number One នឹងឡើងទៅកាន់សង្វៀន Evolve Ur Game ដោយត្រូវប្រកួតជាមួយកីឡាការិនីមកពីប្រទេសប្រេស៊ីល Thamires Aquino។ ហើយនេះជាការប្រកួត Superfight ដែលធ្វើនៅទីក្រុងឡាសវេហ្គាស់ រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក នៅថ្ងៃទី3 ខែមេសា ឆ្នាំ2021។
នេះជាការបង្ហាញខ្លួនជាថ្មីម្តងទៀតរបស់ ចេសា បន្ទាប់ពីឈ្នះកីឡាការិនី Danielle Kelly ក្នុងកម្មវិធី Who Number One នៅតិចសាស់ កាលពីពេលថ្មីៗកន្លងទៅ។ ដោយមានឪពុកជាកូនកាត់កម្ពុជា-អាមេរិក និងម្តាយជាកូនកាត់មិកស៊ិក-អាមេរិក ខាន់ ចេសា ត្រូវបានគេចាត់ទុកថា ជាកីឡាការិនី ដែលលេងកីឡាជូជីតស៊ូបានល្អបំផុតក្នុងពិភពលោក ដោយឈ្នះជើងឯកពិភពលោក 3ដង, ជើងឯកទ្វីបអាមេរិក 4ដង, ជើងឯកពិភពលោក NoGi 3ដង និងជើងឯកអឺរ៉ុប 2ដង។ នៅឆ្នាំ2018 និង2019 កីឡាការិនីរូបនេះ បានប្រកួតតំណាងឱ្យកម្ពុជា ហើយដណ្តើមបានមេដាយមាស កីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី និងកីឡាអាស៊ីអាគ្នេយ៍នៅហ្វ៊ីលីពីន៕