លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool នៅតែជឿជាក់ថា ការជួបជាមួយនឹងក្រុម Arsenal នៅថ្ងៃអាទិត្យនេះ នឹងសាកល្បងសមត្ថភាពក្រុមរបស់លោក បើទោះបីក្រុមកាំភ្លើងធំមួយនេះបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក៏ដោយ។
ក្រុម Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ5 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន និងបានខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប ជាលើកទី1 បើគិតចាប់តាំងពីលោក Arsene Wenger បានចូលកាន់តំណែងក្នុងនាមជាគ្រូបង្វឹកកាលពីឆ្នាំ1996មក។ ប៉ុន្តែ លោក Klopp នៅតែគិតថា ពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុតរបស់កីឡាបាល់ទាត់អង់គ្លេស ហើយលោករំពឹងទុកថា នឹងមានការប្រកួតដ៏ស្វិតស្វាញមួយ បើទោះបីក្រុម Liverpool ដណ្តើមបានជ័យជម្នះទាំងការប្រកួតក្នុង និងក្រៅទឹកដីលើក្រុមកាំភ្លើងធំកាលពីរដូវកាលមុនក៏ដោយ។ លោក Klopp បានឲ្យដឹងថា៖ «Arsenal នៅតែជាក្រុមដ៏ខ្លាំងមួយ។
កីឡាករ Alexis Sanchez អាចនឹងវិលចូលលេងនៅលើទីលានជាលើកទី1 ហេតុនេះវត្តមានរបស់គេនឹងផ្តល់នូវការជឿជាក់ដល់ក្រុមនេះ ហើយពិតណាស់ វានឹងផ្តល់នូវការមានប្រៀបដល់ក្រុម Arsenal»។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមទៀតថា៖ «វាពិតជាការប្រកួតដ៏សំខាន់ខ្លាំងណាស់។ កាលពីឆ្នាំមុន យើងមានកំណត់ត្រាយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុមខ្លាំងៗទាំង6»។ ក្រុម Liverpool និង Arsenal បានជួបលទ្ធផលខុសគ្នាស្រឡះកាលពីពេលថ្មីៗនេះ ដោយក្រុមហង្សក្រហមបានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League នៅរដូវកាលនេះដោយបញ្ចប់ក្នុងលទ្ធផលស្មើ 3-3 ជាមួយនឹងក្រុម Watford មុននឹងយកឈ្នះលើក្រុម Crystal Palace 1-។ ដោយឡែក ក្រុម Arsenal បានយកឈ្នះលើក្រុម Leicester ទាំងប្រផិតប្រផើយក្នុងលទ្ធផល 3-2 កាលពីថ្ងៃបើកឆាក មុននឹងចាញ់ក្រុមម្ចាស់ផ្ទះ Stoke 1-។ ស្របពេលជាមួយគ្នានេះ ក្រុម Liverpool ទើបតែមានការជឿជាក់ តាមរយៈការឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីផ្តួលក្រុម Hoffenheim ក្នុងលទ្ធផល 4-2។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10យប់៕
ប្រភពពី៖ Sport24