ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

(ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។

សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។

យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ ​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​ 4 នៃ​ឆ្នាំ​ 2024 ខាង​មុខ​នេះ មានតម្លៃ​ប្រមាណ ​1,700 ​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ 4 ឆ្នាំ​ ក្នុង​ការ​ស្ថាបនា។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន​៕

Advertisement