ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

ទំនប់វារី​អគ្គិសនី

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក) បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 37 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 38 ពាន់​កន្លែង​។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ នៅ​ក្នុង​កុម្ភៈ មាន​គម្រោង​វិនិយោគ​ចំនួន 5 ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ដូច​ខាង​ក្រោម​៖​

1-គម្រោង​វិនិយោគ​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុភាព​ 150 MW ក្នុង​ខេត្ត​កោះ​កុង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ 440 លាន​ដុល្លារ​អាម៉េរិក​

2-គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង​ និង​មណ្ឌល​ភស្តុភារ​កម្ម​កំពង់ឆ្នាំង ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទុន​ប្រមាណជាង 108 លាន​ដុល្លារ​

3-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅក្នុង​ខណ្ឌ​ដូន​ពេញ​ ​រាជធានី​ភ្នំ​ពេញ ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង 107 លាន​ដុល្លារ​

4-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ ​មាន​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​

5-គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិតសំបក​កង់​រថយន្ត នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​ទុន​វិនិយោគ​ប្រមាណ 212 លាន​ដុល្លារ​អាម៉េរិក​។

ក.អ.ក ឱ្យ​ដឹង​ថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ 2024 វិនិយោគិន​ក្នុង​ស្រុក​បាន​រួម​ចំណែក​បណ្ដាក់​ទុន​វិនិយោគ​សរុប​ចំនួន 58.41% ស្រប​ពេល​ដែល​ទុន​​មាន​ប្រភព​ពី​ប្រទេស​ចិន រួម​ចំណែក​ 33.19%​, សិង្ហបុរីរួម​ចំណែក​ 4.3% និង​វៀតណាម 4.09%​៕

Advertisement