គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

(ភ្នំពេញ) – នា​រសៀល​ថ្ងៃទី 27 ខែ​កុម្ភៈ​នេះ កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​​រាជ​ធានី​ភ្នំ​ពេញ​ – ខេត្ត​សៀម​រាប – ក្រុង​ប៉ោយ​ប៉ែត ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ឡេង​ ធនយុទ្ធា រដ្ឋលេខខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គម្រោង​ និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​តំណាង​ក្រុម​ហ៊ុន​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ផងដែរ​។

យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការ​ផ្ដល់​អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយ​បន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុន​នឹង​ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅ​ដើមខែមិថុនា ឆ្នាំ 2024។ សម្រាប់ដំណាក់ទីពីរ​ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ 2024 បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ 2024៕

Advertisement