អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

តំបន់​អណ្ដូង​រ៉ែ​ជ្រៅ​ជាង​ 1,400 ម៉ែត្រនៅ​ប្រទេស​ហ្វាំងឡង់ នឹង​រក្សា​ទុក​ថាមពល​កកើត​ឡើងវិញ​ ហើយ​ផ្គត់ផ្គង់​អគ្គិសនី​ទៅតាម​តម្រូវ​ការ​នៃ​បណ្ដាញ​អគ្គិសនី​។

ក្រុម​ហ៊ុន​រក្សា​ទុក​ថាមពល​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Gravitricity នឹង​ចាប់​ផ្ដើម​ប្រែក្លាយ​អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​លើ​ពិភពលោក ឱ្យ​ទៅ​ជា​ថ្ម​ផ្ទុក​ថាមពល​បែប​ទំនាញ​ដំបូង​គេ។ នេះបើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 05 មករា​។ តំបន់​​អណ្ដូង​រ៉ែ​ Pyhasalmi នេះ​ មាន​ជម្រៅ​ 1,444 ម៉ែត្រ ស្ថិត​នៅ​ Pyhajarvi ​មាន​ចម្ងាយ​ 450 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​ជើង ធៀប​នឹង​​រដ្ឋធានីហែលស៊ីនគី​ របស់​ប្រទេស​ហ្វាំងឡង់​។

ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ First Quantum Minerals នៅ​ប្រទេស​កាណាដា អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប​នេះ​គឺជា​ប្រភព​ផ្គត់​ផ្គង់​ស័ង្កសី និង​ទង់ដែង​។ កាល​ពី​ឆ្នាំ 2022 ការ​ផលិត​នៅ​ក្នុង​តំបន់​អណ្ដូង​រ៉ែ​នេះ​បាន​ឈប់​ដំណើរ​ការ​ ហើយ​ចាប់​ផ្ដើម​ងាក​ទៅ​ទាញ​យក​អត្ថប្រយោជន៍​ផ្សេង​នៅ​នឹង​កន្លែង​។

ក្រុម​ហ៊ុន​ Gravitricity នៅ​ប្រទេស​អង់គ្លេស អភិវឌ្ឍ​ Gravistore ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​យោង​ទៅ​លើ​កម្លាំង​ទំនាញ​ផែនដី​ អាច​ដើរ​តួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​ដែល​សល់​ពីប្រភព​កកើត​ឡើងវិញ​។ ​ក្នុង​ថ្ងៃ​មាន​កម្ដៅ​ ឬ​ខ្យល់​ខ្លាំង គ្រា​ដែល​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ ឬ​កម្ដៅ​ព្រះ​អាទិត្យ​ផលិត​អក្គិសនី​ច្រើន​ជាង​តម្រូវ​ការ ប្រព័ន្ធ​ខាងលើ​នឹង​លើក​ដុំ​ដែក​ដែល​ដាក់​នៅ​លើ​អណ្ដូង​រ៉ែ​នេះ​ ដើម្បី​រក្សា​ទុក​ថាមពល​។ នៅ​ពេល​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​ ដុំ​ដែក​អាច​ត្រូវ​បាន​ទម្លាក់​ចុះ​​ដើម្បី​ផលិត​ថាមពល​ ក្នុង​នោះ​ ខ្សែ​រ៉ត​នឹង​ដើរ​តួនាទី​ដូច​ទៅ​នឹង​ម៉ាស៊ីន​ផលិត​អគ្គិសនី​។

Gravitricity នឹង​ប្រើប្រាស់​ស្នូល​ដែល​ស្ថិត​ក្នុង​ជម្រៅ​ 530 ម៉ែត្រ ដើម្បី​សាងសង់​ប្រព័ន្ធ​គំរូ​មួយ​ដែល​មាន​អានុភាព​ 2 MW ដើម្បី​បញ្ជាក់​អំពី​បច្ចេកវិទ្យា​នេះ​។

Advertisement