ឡាវ​មាន​ផែនការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ Nongkhang ឱ្យ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ

ព្រលានយន្តហោះ Nongkhang នៅក្នុង​ខេត្ត Huaphan ត្រូវ​បាន​កំណត់​គោលដៅ​អភិវឌ្ឍ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ ដើម្បី​ទាក់​ទាញ​ទេសចរ​បរទេស​ ក៏​ជា​គាំទ្រ​ដល់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ចង់​មក​វិនិយោគ​នៅ​ខេត្ត​នេះ​។

អភិបាល​​ខេត្ត​ Huaphan លោក Khampheng Saysompheng ថ្មី​ៗ​នេះ​បាន​ចែករំលែក​អំពី​ការ​លើក​សំណើ​ស្ដី​ពី​ការ​កែប្រែ​ព្រលាន​យន្តហោះ Nongkhang នៅ​ក្នុង​កិច្ច​ប្រជុំ​ទូលាយ​របស់​រដ្ឋាភិបាល​​ ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វៀងចន្ទន៍​កាល​ពី​ចុង​ឆ្នាំ​ 2023​។

លោក Khampheng ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់​ព្រម​ជាមួយ​នឹង​សំណើ​របស់​អាជ្ញាធរ​ខេត្ត​ Huaphan។ លោក​ជឿ​ជាក់​ថា ការ​ពង្រីក​ព្រលាន​យន្តហោះ​ដើម្បី​ឆ្លើយ​តប​នឹង​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​ នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ជាតិ​។

បច្ចុប្បន្ន ការ​អភិវឌ្ឍ​នៅ​ខេត្ត Huaphan នៅ​មាន​កម្រិត​ ដោយ​សារ​តែ​ការ​ធ្វើ​ចរាចរណ៍លើ​ផ្លូវ​គោក​មាន​ការ​លំបាក ខណៈ​ដែល​ព្រលាន​យន្ត​ហោះ​អាច​ទទួល​បាន​តែ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​។

ទន្ទឹម​នឹង​ការ​ពង្រីក​អាកាសយានដ្ឋាន​ អាជ្ញាធរ​ខេត្ត​ខាងលើ​ក៏​នឹង​បង្កើន​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ដែល​មាន​បំណងរកស៊ី​ក្នុង​វិស័យ​​ហេដ្ឋារចនា​សម្ព័ន្ធ​ សំណង់​អគារ​នៅ​ក្នុង​ខេត្ត​នេះ​ផងដែរ​។

អាកាសយានដ្ឋាន​ Nongkhang អាច​ទទួល​ភ្ញៀវ​បាន​ 100,000 នាក់​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ខ្នាត​តូច​ ATR72 និង MA-60 ដែល​មាន​ពី 70 ទៅ 100 កៅអី​។ បច្ចុប្បន្ន Lao Airlines និង Lao Skyway កំពុង​ផ្ដល់សេវា​កម្ម​ដឹក​ជញ្ជូនទៅ​មក​រវាង​អាកាសយានដ្ឋាន Vientiane និង Nongkhang​៕

Advertisement