ថៃ​អញ្ជើញ​អាម៉េរិក​មក​វិនិយោគ​លើ​ «មហា​ស្ពានគោក» តម្លៃជិត 30 ពាន់​លាន​ដុល្លារ​

គម្រោង​ស្ពានគោក​ Landbridge របស់​ប្រទេស​ថៃ នឹង​រួម​មាន​​កំពង់​ផែ​ទឹក​ជ្រៅ​ចំនួន​ពីរ​ និង​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ ក៏​ដូច​ជា​ផ្លូវ​ដែក​ដែល​មាន​ប្រវែង​សរុប 100 គីឡូម៉ែត្រ​ តភ្ជាប់​កំពង់​ផែ​ទាំង​ពីរ​នេះ​។

ទំព័រ Bloomberg បាន​ផ្សាយ​ថា ប្រទេស​ថៃ​កំពុង​ហៅ​រក​ទុន​វិនិយោគ​ដែល​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​គ្រោង​នឹង​ផ្ដល់​ជម្រើស​មួយ​ដែល​ជំនួស​​ឈូង​សមុទ្រ​ Malacca ដែល​ជា​មួយ​ក្នុង​ចំណោម​ផ្លូវ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដែល​មមា​ញឹក​បំផុត​លើពិភពលោក​។

កាល​ពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ប្រាប់​ក្រុម​អ្នក​វិនិយោគ​អាម៉េរិក​នៅ San Francisco អំពី​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​គម្រោង​ដែល​មាន​ឈ្មោះ​ថា Landbridge។ គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើដំណើរ​រវាង​មហា​សមុទ្រ​ឥណ្ឌា និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ជា​មធ្យម​បួន​ថ្ងៃ និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ 15%​។

គម្រោង​ Landbridge គ្រោង​នឹង​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រហែល​មួយ​ទ្រីលាន​បាត (ប្រហែល​នឹង 28 ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​រួម​មាន​ទាំង​កំពង់ផែ​សមុទ្រ​ដែល​នឹង​ត្រូវ​បាន​សាងសង់​នៅ​លើឧបទ្វីប​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​។ កំពង់​ផែ​ទឹក​ជ្រៅ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បាន​តភ្ជាប់​ជាមួយ​គ្នា​ដោយ​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ និង​ផ្លូវ​ដែក​ប្រវែង 100 គីឡូម៉ែត្រ​។

ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ច្រកសមុទ្រ​ម៉ាឡាកា បច្ចុប្បន្ន​គឺជា​ផ្លូវ​សមុទ្រ​រយៈ​ចម្ងាយ​ខ្លី​បំផុត​ដែល​តភ្ជាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយ​នឹង​ប្រទេស​ឥណ្ឌា និង​មជ្ឈឹមបូព៌ា​។ ទំនិញ​ប្រហែល​ជា ¼ របស់​ពិភពលោក​ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​នេះ​។

នាយករដ្ឋមន្ត្រី​ថៃ​និយាយ​ថា «មហា​គម្រោង Landbridge នេះ​ ប្រាកដ​ជា​នឹង​ក្លាយ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដែល​ចំណាយ​ទាប​ជាង លឿន​ជាង និង​សុវត្ថិភាព​ជាង​»។

ប្រទេស​ថៃ​បាន​កំណត់​គោលដៅ​ថា ដល់​ឆ្នាំ 2030 មហា​គម្រោង​នេះ​នឹង​សម្រេច​បាន​ជា​ស្ថាពរ​។ អ្នក​វិនិយោគ​បរទេស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កាន់កាប់​ភាគ​ហ៊ុន​ជាង 50% នៅក្នុង​បណ្ដា​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​ក្រុម​ហ៊ុន​បរទេស​ និង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ដើម្បី​ស្ថាបនា​កំពង់​ផែ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទាក់​ទង​។ កំពង់​ផែ​ទឹក​ជ្រៅ​នៅ Ranong (ទល់​មុខ​នឹង​សមុទ្រ Andaman) និង​នៅ Chumphon (ទល់​មុខ​នឹង​ឈូង​សមុទ្រ​ថៃ) អាច​ត្រូវ​ចំណាយ​ទុន​ 630 ពាន់​លាន​បាត​៕

Advertisement