ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍​កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខាង​លើ​នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំ​ពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យ​ដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។

ស្ពានកោះពេជ្រ – កោះនរា ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20​ ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀស​ការកកស្ទះចរាចរណ៍​នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាន​នេះ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ពិសេស​គឺពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ផ្សារ​ច្បារ​អំពៅ​នា​ពេល​កន្លង​។ ស្ពាន​នេះ​ក៏​កំពុង​តែ​ក្លាយ​ជា​​ស្ពាន​ដ៏​សំខាន់​ដែល​តភ្ជាប់​ទីក្រុង​រណប​កោះ​នរា ក៏​ដូច​ជា​​ផ្លូវជាតិ​លេខ 1​ ទៅ​នឹង​​ចំណុច​កណ្តាល​នៃ​រាជធានីភ្នំពេញ។

ស្ពានដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន OCIC និង​មានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការ​សាងសង់​ស្ពាន​នេះ​ត្រូវ​ចំណាយថវិកាសរុបចំនួន 38 លានដុល្លារអាម៉េរិក​។

Advertisement