ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជំរុញ​ផែនការ​សាងសង់​រោង​ចក្រ​មួយ​នៅក្នុង​​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ​។

Changan សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​គណៈកម្មការ​វិនិយោគ​ថៃ (BOI) នៅ​ក្នុង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​លើក​ទី​បី​ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី 17 តុលា 2023។ នេះ​បើ​តាម​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី 19 តុលា របស់​ Changan។

ក្រុម​ហ៊ុន​ចិន​ខាងលើ​មាន​ផែនការ​វិនិយោគ​ 240 លាន​ដុល្លារ​អាម៉េរិក​នៅ​ប្រទេស​ថៃ ដើម្បី​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​មួយ​ដែល​អាច​ផលិត​បាន 100,000 គ្រឿង​ក្នុង​ដំណាក់​កាល​ដំបូង​។

អគ្គលេខាធិការ​របស់ BOI ថៃ Narit Therdsteerasukdi ក៏​បាន​ប្រគល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគសម្រាប់គម្រោង​ទីតាំង​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ ​ជូន​ដល់​ប្រធាន​ក្រុម​ហ៊ុន Changan លោក Zhu Huarong។

Changan បាន​បង្កើត​ក្រុម​ហ៊ុន​តំណាង​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី 23 សីហា 2023។ ថ្ងៃទី 24 សីហា ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្រកាស​គម្រោង​វិនិយោគ 8.8 ពាន់​លាន​បាត ដើម្បី​សាងសង់​រោង​ចក្រ​ផលិតរថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

កាល​ពី​ខែ​សីហា Changan ឱ្យ​ដឹង​ថា ដំណាក់​កាល​ដំបូង​របស់​រោង​ចក្រ​នេះ​នឹង​អាច​ផលិត​រថយន្ត​បាន​ 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ចំណែក​ដំណាក់​កាល​ទីពីរ​នឹង​អាច​ផលិត​បាន​ 200,000 គ្រឿង​/ឆ្នាំ​។

រថយន្ត​អគ្គិសនី​របស់​ Changan នៅ​ប្រទេស​ថៃ នឹង​ត្រូវ​បាន​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។

ថៃ​គឺ​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​មួយ​ផងដែរ។ អាជ្ញាធរ​ថៃ​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​របស់​តំបន់​អាស៊ាន​ ដោយ​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ទាក់​ទាញ​ជា​ច្រើន មាន​ជា​អាទិ៍​ ការ​បន្ថយ​អត្រាពន្ធ ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រើ​ប្រាស់ និង​ជំនួយ​គាំទ្រ​ដល់​ការ​វិនិយោគ​ជា​ដើម​៕

Advertisement