អង់គ្លេស​ដាក់ដំណើរ​ការ​​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​

ទួរប៊ីនដំបូងក្នុងចំណោម 277 គ្រឿងនៅក្នុងចំការ Dogger Bank

ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។

ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ក្រុម​ហ៊ុន​អភិវឌ្ឍ​ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire ផលិត​អគ្គិសនី​ចាប់​ពី​ដើម​ខែ​តុលា ឆ្នាំ 2023​ នៅ​ពេល​ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​។

គម្រោង​ Dogger Bank ដែលត្រូវ​បាន​​​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​អង់គ្លេស SSE រួម​នឹង​ក្រុម​ហ៊ុន Equinor និង Vargronn របស់​ប្រទេស​ន័រវែស​ នឹង​ផលិត​អគ្គិសនី​បាន 3.6​ ជីហ្គាវ៉ាត់ (gigawatt) ដែល​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់មនុស្ស​ 6 លាន​គ្រួសារ​​ក្នុង​មួយ​ឆ្នាំ​ៗ នៅពេល​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2026​។

នាយករដ្ឋមន្ត្រី​របស់​ប្រទេស​អង់គ្លេស​ Rishi Sunak ឱ្យ​ដឹង​ថា គម្រោង​​ដែល​មាន​តម្លៃ​ 11 ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ ​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដោយមិន​ត្រឹម​តែ​រួម​ចំណែក​ពង្រឹង​​សន្តិសុខ​ថាមពល​ក្នុង​ស្រុក​នោះ​ទេ​ តែ​ក៏​ជួយបង្កើត​ការ​ងារ​ កាត់បន្ថយ​ការ​ចំណាយ​លើថ្លៃ​​អគ្គិសនី និងអាច​​ជួយ​ឱ្យ​ប្រទេស​នេះ​សម្រេច​បាន​គោល​ដៅ​មិន​បំភាយ​ឧស្ម័ន​ CO2 នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ផងដែរ​។

ក្រុម​អ្នក​អភិវឌ្ឍ​ឱ្យ​ដឹង​ថា ការ​វិល​មួយ​ជុំ​របស់ស្លាប​ប្រវែង 107 ម៉ែត្រ​​នៅ​លើ​ទួរប៊ីន​ដំបូង​របស់​ចំការ Dogger Bank អាចផលិត​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់ការ​ប្រើ​ប្រាស់​ពីរ​ថ្ងៃ​របស់​​គ្រួ​សារ​ធម្មតា​មួយ​គ្រួ​​នៅ​ប្រទេស​អង់គ្លេស​។

កាល​ពី​ឆ្នាំ​កន្លង SSE ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​ចំការ​ផលិត​អគ្គិសនី​នៅ​លើ​សមុទ្រ​មួយ​ដែល​ធំ​បំផុត​នៅ​ស្កុត​ឡែនផងដែរ នោះ​គឺ​ស្ថានីយ​ Seagreen។

ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ពិសេស​គឺ​បណ្ដា​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​មហា​អំណាច​ បាន​ និង​កំពុង​នាំ​គ្នា​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ប្រើ​​កម្លាំង​ខ្យល់ ដោយ​សារ​តែ​សង្គ្រាម​រវាង​អ៊ុយក្រែន​ – រុស្ស៊ី​ និង​ការ​រឹង​បន្តឹង​ការ​នាំ​ចូល​ប្រេង បាន​ធ្វើ​ឱ្យ​ផលិត​ផល​ថាមពល​ចេះ​តែ​​ឡើងថ្លៃ​ ​និង​គ្រា​ដែល​ពិភព​លោក​កំពុង​ត្រូវ​ការ​កាត់បន្ថយការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕

Advertisement