ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។

គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។

«យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។

ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។

រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។

គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT Kereta Cepat ឥណ្ឌូណេស៊ី – ចិន (PT KCIC)។ តំណាង​ក្រុម​ហ៊ុន​នេះ​ក៏​បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​ចរចា​អំពី​ការ​ពង្រីក​ផ្លូវ​ដែក​ល្បឿន​លឿន​ទៅ​កាន់ Surabaya ដែលជា​ទីក្រុង​កំពង់ផែ​ធំ​របស់​ខេត្ត​ជ្វា​ខាង​កើត​។

កិច្ច​ព្រម​ព្រៀង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​នៅ​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 2015 និង​ចាប់​ផ្ដើម​ស្ថាបនា​តាំង​ពី​ចុង​ឆ្នាំ​នោះ​។ តាម​ផែនការ​ដំបូង​ គម្រោង​នេះ​គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ច្រើន​លើក​ដោយ​សារ​តែ​បញ្ហា​កូវីដ-19៕

Advertisement