ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

ស្ពានកោះពេជ្រ-កោះនរា ដែល​ស្ថិត​ក្នុង​រាជធានីភ្នំ​ពេញ​ត្រូវបានតភ្ជាប់រួច​រាល់​ ហើយ​គ្រោងនឹងត្រូវ​​សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។

ដំណឹង​ខាងលើ​នេះ​គឺ​យោង​ទៅ​តាមពិធីភ្ជាប់ស្ពានដែល​ត្រូវ​បាន​ប្រារព្ធឡើងកាល​ពី​ថ្ងៃ​ទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។

ស្ពានបេតុង​ខ្សែ​កាប​កោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។ ស្ពាន​នេះ​មានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរ​ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវ​វស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍​ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។

ស្ពានកោះពេជ្រ​-កោះនរា មានគន្លង​ចរាចរណ៍​ទ្វេរទិស ពីរទៅ និង​ពីរមក ក្នុង​នោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយ​ទៅ​ មួយ​មក ដែលមានទទឹង 1.25 ម៉ែត្រ។

ស្ពាន​នេះ​ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ និង​ ​ប្រើ​ប្រាស់​ទុនវិនិយោគ 38 លានដុល្លារអាម៉េរិក​៕

Advertisement