ប្រទេសចិន​ស្ថាបនា​ទំនប់​នាវា​ចរណ៍​នៅ​ដីគោក​ធំជាង​គេ​លើ​ពិភពលោក

ទំនប់​នាវាចរណ៍ (Lock) ថ្មី ដែល​​កំពុង​ត្រូវ​បាន​ស្ថាបនា​លើ​ព្រែក​ Pinglu ក្នុង​ខេត្ត​ Guangxi មាន​ទំហំ 185,000 ម៉ែត្រ​ក្រឡា ហើយ​គ្រោង​នឹង​ជួយ​សន្សំ​សំចៃ​ទឹក​បាន​ 60% ធៀប​នឹង​ទំនប់​នាវាចរណ៍​ធម្មតា​។

ព្រែក​ Pinglu ដែល​ជា​​គម្រោង​ធំ​មួយ​​របស់​ច្រក​របៀង​ដី​គោក-សមុទ្រ​ភាគ​ខាង​លិច​ថ្មី​របស់​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់​ នឹង​មាន​ទំនប់​នាវាចរណ៍​សន្សំ​សំចៃ​ទឹក​លើ​​ដី​គោក​ធំ​បំផុត​ក្នុង​​ពិភពលោក​។

កំណាត់​សំខាន់​របស់​ទំនប់​នាវាចរណ៍​នេះ​មាន​ទំហំ 185,000 ម៉ែត្រ​ក្រឡា អាច​ដាក់​ទឹក​បាន​ 3.5 លាន​ម៉ែត្រ​គូប​។ ទំនប់​នេះ​នឹង​ត្រូវ​បាន​ជីក​ដល់​ជម្រៅ​ 65 ម៉ែត្រ ដើម្បី​ធានា​សុវត្ថិភាព​ និង​ស្ថិរភាព​។

នៅ​ពេល​កប៉ាល់​ចូលដល់​ទំនប់​នាវាចរណ៍ ជំនួស​ឱ្យ​ការ​បង្ហូរ​ទឹក​ទៅ​តាម​បណ្ដោយ​ចរន្ត ទឹក​នេះ​​នឹង​ត្រូវ​បាន​ជញ្ជូន​ចូល​ទៅ​ក្នុង​កន្លែង​ផ្ទុកដែល​ដើរ​តួនាទី​ជា​ប្រភព​ទឹក​សម្រាប់​ទំនប់​ក្នុង​ការ​​លើក​កប៉ាល់​នៅ​ពេល​ត្រូវ​ការ​។ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ទំនប់​នាវាចរណ៍​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ជួយ​សន្សំ​សំចៃ​ទឹក​បាន​ប្រហែល​ 60% នៅ​ក្នុង​ការ​ប្រើប្រាស់​ បើធៀប​នឹង​ទំនប់​នាវាចរណ៍​ធម្មតា​។

ការ​ស្ថាបនា​ព្រែក Pinglu នៅ​ខេត្ត Guangxi គឺ​ក្នុង​បំណង​តភ្ជាប់​ទន្លេ Xijiang ដែល​ជា​ផ្លូវ​ទឹក​ធំ​នៅ​ភាគ​និរតី​ប្រទេស​ចិន​ ជាមួយ​នឹង​កំពង់ផែ​សមុទ្រ​នានា​របស់​ប្រទេស​នេះ៕

Advertisement