ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

(ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

Advertisement