ចំការ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ខ្ពស់​ជាងគេ​លើ​ពិភពលោក

(ប្រទេស​ចិន) – ក្រោយពី​ការចាប់ផ្ដើម​ដំណើរការបាន​ជាង​មួយឆ្នាំ ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ Comai Trigu នៅ​ទី​បេ ដែល​ដំឡើង​នៅលើ​រយៈកម្ពស់​ពី 5,000 ទៅ 5,200 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ សម្រេចបាន​ជាង 100 គីឡូវ៉ាត់ម៉ោង (kWh) កាលពី​សប្ដាហ៍​កន្លង។

ដោយសារ​ត្រូវបាន​ដំឡើង​នៅលើ​តំបន់​ដែលមាន​កម្ពស់​ពី 5,000 ទៅ 5,200 ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹកសមុទ្រ Comai Trigu ​គឺជា​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ខ្ពស់​ជាងគេ​លើ​ពិភពលោក។

ចំការ​អគ្គិសនី Comai Trigu ដែល​ស្ថិតនៅក្នុង​តំបន់​ស្វយ័ត​ទី​បេ​នេះ ចាប់ផ្ដើម​ផលិត​អគ្គិសនី​តាំងពី​ខែធ្នូ 2022 ហើយ​មកដល់ពេលនេះ​វា​ផលិត​អគ្គិសនី​បាន​លើសពី 100 លាន kWh លឿន​ជាង​ពីរ​ខែ​ធៀប​នឹង​ការរំពឹងទុក​កន្លងមក។ ប្រការនេះ​ស្មើនឹង​ការ​សន្សំសំចៃ​ធ្យូ​ង​ថ្ម​បាន 30,500 តោន និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន 83,200 តោន។

ចំការ​អគ្គិសនី Comai Trigu ​​ត្រូវ​បាន​ដំឡើង​នៅលើ​រយៈកម្ពស់​ពី 5,000 ទៅ 5,200 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ

ចំការ​អគ្គិសនី Comai Trigu ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន China Three Gorges Corporation។ វា​គឺជា​គម្រោង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កណ្ដាល​របស់​ទី​បេ ដែលមាន​កម្លាំង​ទៅតាម​ការដំឡើង​ស្មើនឹង 22 MW (22.000 kW)។

ទិន្នន័យ​បានបង្ហាញ​ថា អគ្គិសនី​ផលិត​ពី​កម្លាំង​ខ្យល់ និង​ពី​ថាមពលព្រះអាទិត្យ​នៅ​ទូទាំងប្រទេស​ចិន​នាបច្ចុប្បន្ន​មាន​កម្លាំង​ផលិត​សរុប​ច្រើនជាង 700 លាន kW ក្នុងនោះ​មាន 120 លាន kW ទើបតែ​ត្រូវបាន​បន្ថែម​កាលពី​ឆ្នាំមុន៕

Advertisement