ប្រព័ន្ធ​សាងសង់​អគារ​​ខ្ពស់​កប់​ពពក​​នៅ​ប្រទេស​​ចិន ដំណើរការ​យ៉ាងដូចម្ដេច? (វីដេអូ)

ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​ធំ​សម្បើម​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​ជួយ​ឱ្យ​កម្មករ​ធ្វើការ​បាន​ងាយស្រួល​នៅលើ​អគារ​ខ្ពស់កប់ពពក និង​អាច​ទប់​ទល់នឹង​ព្យុះធំ។

ក្នុង​វីដេអូ​ន​នេះ​គឺជា​មួយ​ក្នុងចំណោម​ប្រព័ន្ធ​ម៉ាស៊ីន​សាងសង់​អគារ​ខ្ពស់​​កប់​ពពក​របស់​ប្រទេស​ចិន។ ប្រព័ន្ធ​ម៉ាស៊ីន​ដែល​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​ចិនមួយ​នេះ អាច​សង់​អគារ​មួយ​ជាន់​របស់​ការដ្ឋាន​ដោយ​ប្រើពេល​តែ 4 ថ្ងៃ។

សព្វថ្ងៃ តម្រូវការ​សាងសង់​អគារ​កំពុង​កើនឡើង​ខ្ពស់ ទន្ទឹមគ្នា​នឹង​ដំណាក់កាល​នគរូបនីយកម្ម។ ប្រទេស​ចិន​បាន​រកឃើញ និង​ផលិត​បាន​​គ្រឿង​ម៉ាស៊ីន​សម្រាប់​​ការ​សាងសង់​អគារ​ខ្ពស់កប់ពពក ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​លំដាប់​កំពូល​លើ​ពិភពលោក។

ប្រព័ន្ធ​ម៉ាស៊ីន​សាងសង់​អគារ​ខ្ពស់កប់ពពក​គឺជា​ថ្នាល​បច្ចេកទេស និង​បច្ចេកវិទ្យា​ដែលមាន​ទម្ងន់​ស្រាល​ ​ផ្ដល់​កន្លែងធ្វើការ​នៅក្នុង​រចនាសម្ព័ន្ធ​មួយ​ដែល​ធ្វើ​ពី​ដែកថែប​នៅ​ខាងលើ​បង្អស់​របស់​អគារ​ដែល​កំពុង​ត្រូវ​បាន​សាងសង់។ ឧបករណ៍ និង​មធ្យោបាយ​មួយចំនួន​ត្រូវបាន​ដំឡើង​នៅក្នុង​ថ្នាល​ដ៏​ធំ​សម្បើម​នេះ ក្នុងនោះ​មាន​ទាំង​បន្ទប់ទឹក បង្គន់ ម៉ាស៊ីន​ពង្រាយ​បេតុង ជណ្ដើរយន្ត និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ជាដើម។

យោងតាម Xinhua ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ​នេះ​ត្រូវបាន​ទ្រ​ដោយ​សសរ​ចំនួន 12 ដែល​ជួយ​បង្កើន​សមត្ថភាព​នៃ​កម្លាំង​ទ្រ។ ប្រព័ន្ធ​នេះ​ផ្ដល់​កន្លែងធ្វើការ​ប្រកប​ដោយ​សុវត្ថិភាព និង​ស្ថិរភាព​នៅលើ​ទី​ខ្ពស់។ វា​អាច​ទប់​ទល់នឹង​ខ្យល់​​ព្យុះ​ដែលមាន​កម្លាំង​កម្រិត​ទី 10។

ធៀប​នឹង​បណ្ដា​គម្រោង​សំណង់​ដែល​សង់​តាម​របៀប​ប្រពៃណី ការសាងសង់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​​ខាងលើ​នេះ​អាចបង្កើន​​ល្បឿន​បាន​ជាង 20%។ ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ធ្វើ​ពី​វត្ថុ​ធាតុស្រាលៗ ហើយ​ពេល​បញ្ចប់​គម្រោងនីមួយៗ វា​នឹង​ត្រូវបាន​ដឹក​ទៅកាន់​គម្រោង​បន្ទាប់។ ការសាងសង់​ដោយ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ខ្ពស់ និង​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន៕

Advertisement