
រាជរដ្ឋាភិបាលថៃនឹងចាប់ផ្ដើមដំណើរការសាងសង់ទីក្រុងអាកាសចរណ៍នៅភាគខាងកើតប្រទេស តម្លៃ 290 ពាន់លានបាត ដែលប្រហែលនឹង 8.8 ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ។
គម្រោងនេះនឹងធ្វើឱ្យព្រលានយន្តហោះ U-Tapao ក្នុងខេត្តជាប់សមុទ្រ Rayong នៅភាគខាងកើត ក្លាយជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយរបស់ប្រទេសនេះ។ ព្រលានយន្តហោះ U-Tapao នឹងតភ្ជាប់ជាមួយព្រលានយន្តហោះអន្តរជាតិទីពីរ Don Muang និងព្រលានយន្តហោះអន្តរជាតិទីមួយ Suvarnabhumi នៅរាជធានីបាងកក។
គម្រោងនេះនឹងស្ថិតនៅលើតំបន់ដែលមានទំហំជាង 1,040 ហិកតា និងមានស្ថានីយអ្នកដំណើរ ឃ្លាំងទំនិញ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកអាកាសចរណ៍ និងមជ្ឈមណ្ឌលថែទាំ ជួសជុលយន្តហោះ។

អាជ្ញាធរថៃបានឱ្យដឹងថា ក្នុង 5 ឆ្នាំដំបូង គម្រោងនេះនឹងផ្ដល់ការងារប្រមាណ 15,000 កន្លែង និងជំរុញកំណើនសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសនេះ។ នេះគឺជាគម្រោងរដ្ឋ-ឯកជន ហើយបើតាមផែនការនឹងទាក់ទាញទេសចរបរទេសក្នុងតំបន់បានកាន់តែច្រើនថែមទៀត។
នៅក្នុងគម្រោងខាងលើនេះដែរ ព្រមានយន្តហោះអន្តរជាតិ U-Tapao នឹងត្រូវបានអភិវឌ្ឍដើម្បីអាចទទួលភ្ញៀវចាប់ពី 60 លាន ទៅ 75 លាននាក់ជារៀងរាល់ឆ្នាំ៕
