ក្រសួង​សាធារណការ ស្នើឱ្យ​ក្រុមហ៊ុន​ឯកជន​សិក្សា​ពី​លទ្ធភាព​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កម្ពុជា

រដ្ឋលេខាធិការ​ប្រចាំការ​នៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​ក្រុមហ៊ុន NIPPON KOEI សិក្សា​ពី​លទ្ធភាព​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ ភ្នំពេញ ក្នុងឱកាស​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន NIPPON KOEI កាលពីដើម​សប្ដាហ៍​នេះ។

ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី 09 មករា 2023 បាន​អញ្ជើញ​ទទួល​ជួប​ក្រុមការងារ​របស់​ក្រុមហ៊ុន NIPPON KOEI ដែល​ដឹកនាំ​ដោយ​លោក Hirotoshi SUZIKI ដើម្បី​ស្វែងយល់​អំ​ពីបទ​បង្ហាញ​របស់​ក្រុមហ៊ុន NIPPON KOEI ទាក់ទង​នឹង​គម្រោង​កែលម្អ​ប្រព​ន្ធ័​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​នៅតាម​តំបន់​ចំនួន​បី​នៃ​ផ្លូវដែក​ភាគ​ខាងជើង​របស់​កម្ពុជា ដែល​រួមមាន បាត់ដំបង សិរីសោភ័ណ និង​ប៉ោយប៉ែត។

ក្នុងឱកាស​នោះដែរ ឯកឧត្តម តូច ចាន់​កុសល បាន​ស្នើឱ្យ​ក្រុមហ៊ុន NIPPON KOEI ពិនិត្យ​លទ្ធភាព​លើ​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ក្រុង បច្ចុប្បន្ន​មានការ​ពេញនិយម​នៅ​បរ​តេស ដោយសារ​វា​មានតម្លៃ​ទាប ងាយស្រួល​ក្នុងការ​វិនិយោគ បើ​ធៀប​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ (AGT)។

យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន NIPPON KOEI ទទួលបាន​ការគាំទ្រ​ពី​សមាគម​សហប្រតិបត្តិ​ការដឹកជញ្ជូន​ជប៉ុន (JTCA – Japan Transport Cooperative Association) ជា​អង្គភាព​សហប្រតិបត្តិកា​រ​អន្តរជាតិ​តែមួយគត់​របស់​ប្រទេស​ជប៉ុន ដែល​ផ្តោតជាសំខាន់​លើ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន៕

Advertisement