គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ និង​ផលិត​កាបូប​ចំនួន 3 ទៀត ទទួល​បាន​ការ​យល់​ព្រម​ពី ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

រោងចក្រ​ផលិត​កាបូប​ សម្លៀក​បំពាក់​ កម្រាល​​គ្រែ​ របស់​ក្រុមហ៊ុន WINDARA INTERNATIONAL, YUE WING CHEONG MANUFACTORY និង XIN SHUN JIE (CAMBODIA) LEATHER ត្រូវបាន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ។

រោងចក្រ​ទាំងនេះ​មាន​ដូចខាងក្រោម ៖

ក្រុម​ហ៊ុន WINDARA INTERNATIONAL CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូបស្ពាយ​ពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរ​សម្លៀកបំពាក់ និង​កម្រាល​ក្រាល​ដេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ C ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,714 កន្លែង។

ក្រុម​ហ៊ុន YUE WING CHEONG MANUFACTORY CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 738 កន្លែង។

ក្រុម​ហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,133 កន្លែង។

រោងចក្រ​ទាំង 3 ដែលមាន​ទីតាំងនៅ ខេត្តកំពង់ស្ពឺ ខាងលើនេះ គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​សរុប 16 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជិត 4,600 កន្លែង៕

Advertisement