ស្ពាន​ឆ្លងផ្លូវ​មាន​រង្វង់​មូល​លើ​អាកាស​ដំបូង​គេ​នៅ​កម្ពុជា ចាប់ផ្ដើម​ការសាងសង់

(ភ្នំពេញ)- នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គ្រឿងចក្រ​ជាច្រើន​ទៀត​សម្រាប់​ការសាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស នៅក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ នឹងត្រូវ​បាន​នាំមក​កាន់​ការដ្ឋាន នេះ​បើតាម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យដឹង​កាល​ពី​ម្សិលមិញ។

មកដល់​បច្ចុប្បន្ន ស្ពាន​អាកាស​ព្រះមុនីវង្ស ដែល​ជា​ស្ពាន 2 ជាន់​ បានចាប់ផ្តើម​ដំណើរការ​ក្នុង​ការដ្ឋាន​សាងសង់​ដោយមាន​គ្រឿងចក្រ និង​អ្នកជំនាញ​បច្ចេកទេស​កំពុងធ្វើការ បន្ទាប់ពី​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី 31 ខែសីហា 2022។

យោងតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ភ្នំពេញ ស្ពាន​ដែល​សាងសង់​ដោយ ក្រុមហ៊ុន​វិនិយោគ​អាណិកជន​កម្ពុជា OCIC នេះ នឹង​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍​ក្នុង​រាជធានី​ភ្នំពេញ បាន​មួយផ្នែកធំ។

ស្ពាន​អាកាស​ព្រះមុនីវង្ស ដែលមាន​ចំណុចប្រសព្វ​ត្រង់​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ​នេះ ត្រូវ​ចំណាយ​ថវិកា 36,776,500 ដុល្លារ​អាម៉េរិក និង​ចំណាយពេល​សាងសង់​ចំនួន 36 ខែ នេះ​បើតាម ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ថ្លែង​ក្នុងឱកាស​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ខែសីហា។

បច្ចុប្បន្ន នៅក្នុង រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន 6 ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់, ស្ពាន​អាកាស 7 មករា (ពេទ្យ​លោកសង្ឃ), ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដីស្ទឹង​មានជ័យ, ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី 5 មករា (តិច​ណូ), ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ (ផ្សារ​ដី​ហុយ), ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ។  ចំណែក ស្ពាន​អាកាស​ឫស្សីកែវ កំពុងដំណើរការ​សាងសង់​នៅឡើយ៕

Advertisement