ព្រលានយន្តហោះ​លើ​​កម្ពស់​ជាង 3,000 ម៉ែត្រ​ នៅ​ភាគ​ខាង​លិច​បំផុត​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

ប្រទេស​ចិន កាលពី​ថ្ងៃទី 23 ធ្នូ បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​ក្នុង​តំបន់​ខ្ពង់រាប​ដំបូង​នៅ​តំបន់​ស្វយ័ត Xinjiang ក្រោយ​ការសាងសង់ 2 ឆ្នាំ។

ការ​ចេញដំណើរ​ពី​ទីក្រុង Urumqi ដែលជា​ទីក្រុង​រដ្ឋបាល​របស់​តំបន់​ស្វយ័ត Xinjiang នៅវេលា​ម៉ោង 08 និង 57 នាទី​ព្រឹក ថ្ងៃទី 23 ធ្នូ 2022 (ម៉ោង​នៅ ប៉េកាំង) ជើងហោះហើរ CZ5193 របស់ China Southern Airlines បាន​ចុះចត​លើ​ព្រលានយន្តហោះ Tashkurgan Khunjerab ក្នុងស្រុក Tajik Taxkorgan របស់ Xinjiang នៅ​ម៉ោង 10 និង 59 ព្រឹក​ក្នុង​ថ្ងៃ​ដដែល គឺជា​ជើងហោះហើរ​​ដំបូង​ដែល​បញ្ជាក់​អំពី​ការ​សម្ពោធ​ព្រលានយន្តហោះថ្មី​​ស្ថិតនៅលើ​ទី​ខ្ពស់​ដំបូង​របស់​តំបន់​នេះ។

ព្រលានយន្តហោះ Tashkurgan Khunjerab ដែល​ស្ថិតនៅលើ​កម្ពស់ 3,258 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ​គឺជា​ព្រលានយន្តហោះ​ដឹកជញ្ជូននៅ​​ទិស​ខាងលិច​ឆ្ងាយ​បំផុត​​របស់ ​ប្រទេស​ចិន។ ព្រលានយន្តហោះ​នេះ​មាន​ផ្លូវ​រត់​មួយ​ខ្សែ​ដែលមាន​ប្រវែង 3,800 ម៉ែត្រ អាចឆ្លើយតប​នឹង​ការហោះ​ឡើង និង​ចុះចត 1,900 ជើង​ជា​រៀងរាល់ឆ្នាំ ដោយ​អាច​ទទួល​អ្នកដំណើរ​បា​ន 160,000 នាក់ រួម​នឹង​ទំនិញ 400 តោន/ឆ្នាំ។

Tashkurgan Khunjerab ត្រូវបាន​ផ្ដើម​ការស្ថាបនា​ចាប់ពី​ឆ្នាំ 2020 ដោយ​ប្រើប្រាស់​ទុនវិនិយោគ​ជាង 1.6 ពាន់​លាន​យ៉ុ​ន ស្មើនឹង 229 លាន​ដុល្លារ​អាម៉េរិក។ ការស្ថាបនា​ព្រលានយន្តហោះ​នៅលើ​តំបន់​ខ្ពង់រាប Pamir គឺជា​រឿង​​លំបាក​ ដោយ​​សារ​តែ​​ស្ថាន​ភាព​​ខ្វះ​អុក​ស៊ី​សែន រួម​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង។

កន្លងមក ការធ្វើដំណើរ​ពី​តំបន់​ព្រលានយន្តហោះខាងលើ​​​ទៅកាន់ ទីក្រុង​ប៉េកាំង ត្រូវ​ចំណាយពេល​ពី 40 ទៅ 50 ម៉ោង ដោយ​ការ​ជិះ​រថយន្តក្រុង និង​រថភ្លើង។ ប៉ុន្តែ ការធ្វើដំណើរ​តាម​យន្តហោះ​ពី​ព្រលាន​ថ្មី​នេះ ពេលវេលា​ត្រូវ​ថយចុះ​មក​នៅត្រឹម 8 ម៉ោង​ប៉ុណ្ណោះ។

យោងតាម Xinhua ការដាក់ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​ថ្មី​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ទេសចរណ៍​ក្នុង​តំបន់​ផងដែរ៕

Advertisement