គម្រោង​សាងសង់​អាកាសយានដ្ឋាន​ធំជាងគេ​នៅ​វៀតណាម មាន​ហានិភ័យ​ត្រូវ​ពន្យារពេល

កញ្ចប់​ដេញថ្លៃ​សម្រាប់​ការស្ថាបនា​ស្ថានីយ​អ្នកដំណើរ​ដែលមាន​តម្លៃ 35 ទ្រី​លាន​ដុង ត្រូវបាន​លុបចោល ធ្វើឱ្យ​វឌ្ឍនភាព​នៃ​គម្រោង​អាកាសយានដ្ឋាន​ធំជាងគេ​របស់ ប្រទេស​វៀតណាម មាន​ហានិភ័យ​ត្រូវ​យឺតយ៉ាវ ធៀប​នឹង​ផែនការ​ដំបូង។

គម្រោង​អាកាសយានដ្ឋាន Long Thanh ដែល​បាន​បើក​ការដ្ឋាន​កាលពីដើមឆ្នាំ 2021 និង​គ្រោង​សាងសង់​រួចរាល់​ដំណាក់កាល​ទីមួយ​នៅ​ឆ្នាំ 2025 មកដល់​បច្ចុប្បន្ន តំបន់​សម្រាប់​សាងសង់​ស្ថានីយ​អ្នកដំណើរ (កញ្ចប់​ដេញថ្លៃ 5.10) បានបញ្ចប់​ការងារ​ចាក់ដី ហើយ​អាច​ចាប់ផ្ដើម​ការសាងសង់​ជំហាន​បន្ទាប់។ ប៉ុន្តែ សាជីវកម្ម​អាកាសចរណ៍​វៀតណាម (ACV) ដែលជា​ម្ចាស់​គម្រោង បានឱ្យដឹងថា កញ្ចប់​ដេញថ្លៃ 5.10 ទាំងមូល​មិនទាន់​រកឃើញ​ស្ថាប័ន​អនុវត្ត​គម្រោង ហើយ​ត្រូវ​លុបចោល​ដើម្បី​ដេញថ្លៃ​ជាថ្មី។

យោងតាម ACV កញ្ចប់ 5.10 ដែលមាន​ទុនវិនិយោគ​សរុប​ជាង 35 ទ្រី​លាន​ដុង (1,478 លាន​ដុល្លារ​អាម៉េរិក) ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​សំខាន់បំផុត​របស់​គម្រោង​ស្ថាបនា​អាកាសយានដ្ឋាន Long Thanh នៅក្នុង​ដំណាក់កាល​ទីមួយ។ កញ្ចប់ 5.10 នេះ​គ្រោង​នឹង​អនុវត្ត​ក្នុង​រយៈពេល 33 ខែ រាប់​ពី​ពេល​កិច្ចសន្យា​ចាប់ផ្ដើម​មាន​សុពលភាព។ ម្ចាស់​គម្រោង​បាន​អញ្ជើញ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ដេញថ្លៃ​ចាប់ពី​ថ្ងៃទី 24 កញ្ញា ប៉ុន្តែ​ឯកសារ​ដែល​បាន​បញ្ជូនមក​សុទ្ធតែ​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​គម្រោង។

លោក Do Tat Binh អគ្គនាយករង​របស់ ACV ដែលជា​ប្រធាន​គណៈ​គ្រប់គ្រង​គម្រោង​អាកាសយានដ្ឋាន Long Thanh បញ្ជាក់ថា កញ្ចប់ 5.10 ត្រូវ​ដេញថ្លៃ​ជាថ្មី ធ្វើឱ្យ​វឌ្ឍនភាព​រួម​របស់​គ​ម្រោ​ង​ត្រូវ​យឺតយ៉ាវ​ធៀប​នឹង​ផែនការ​ដែល​បានកំណត់។ ACV មិនទាន់​លើកឡើង​ច្បាស់​អំពី​ភាពយឺតយ៉ាវ​នេះ​នៅឡើយ ប៉ុន្តែ​ថា​នឹង​ដេញថ្លៃ​ឡើងវិញ​ក្នុង​ខែធ្នូ ឬ​ដើម​ឆ្នាំក្រោយ។

គម្រោង​អាកាសយានដ្ឋាន Long Thanh មាន​ទុនវិនិយោគ​សរុប​ប្រហែល 336.63 ទ្រី​លាន​ដុង (ជាង 14.2 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​ចែកចេញជា 3 ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ទីមួយ ក្រោយ​ដាក់ឱ្យ​ដំណើរការ​នឹង​អាច​ទទួលភ្ញៀវ​បាន 25 លាន​នាក់/ឆ្នាំ ខណៈដែល​ដំណាក់កាល​ទី​ពីរ​នឹង​អាច​ទទួលបាន 50 លាន​នាក់/ឆ្នាំ និង​ដំណាក់កាល​ទី​បី អាច​ទទួលបាន 100 លាន​នាក់/ឆ្នាំ៕

រចនាបថ​របស់​ស្ថានីយ​អ្នក​ដំណើរ​ក្នុង​គម្រោង​អាកាសយានដ្ឋាន​ធំជាង​គេ​នៅវៀតណាម
រចនាបថ​របស់​ស្ថានីយ​អ្នក​ដំណើរ​ក្នុង​គម្រោង​អាកាសយានដ្ឋាន​ធំជាង​គេ​នៅវៀតណាម
ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរក្នុងគម្រោងអាកាសយានដ្ឋានធំជាងគេនៅវៀតណាម
ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរក្នុងគម្រោងអាកាសយានដ្ឋានធំជាងគេនៅវៀតណាម
Advertisement