វៀតណាម​ដំណើរការ​សាកល្បង​រថ​ភ្លើង​​ក្នុង​ក្រុង​​ដំបូងនៅ​ព្រៃនគរ

មនុស្ស​ប្រហែល 100 នាក់​បាន​ចូលរួម​ទទួល​បទពិសោធន៍​នៃ​ការធ្វើដំណើរ​តាម Metro 1 ដែលជា​ខ្សែ​រថភ្លើង​ក្នុង​ក្រុង​ដំបូង​នៅ ទីក្រុង​ហូជីមិញ ក្នុង​ដំណើរ​ការរត់​សាកល្បង​ដំបូង​កាលពី​ព្រឹក​មិញ។

ខ្សែ​រថភ្លើង​ដែលមាន​ទូ​ចំនួន 3 ប្រវែង​ជាង 61 ម៉ែត្រ​របស់​គម្រោង​ផ្លូវដែក​ក្នុង​ក្រុង Metro 1 បាន​ដំណើរការ​សាកល្បង​ដំបូង​កាល​ពី​ព្រឹក​ថ្ងៃទី 21 ធ្នូ ដោយ​រត់​ឆ្លងកាត់​ស្ថានីយ​អ្នកដំណើរ​ចំនួន 5 នៅលើ​ផ្លូវដែក​ប្រវែង​ជិត 9 គីឡូម៉ែត្រ នៅក្នុង​ក្រុង​ព្រៃនគរ (ហូជីមិញ)។

ទូរថភ្លើង​របស់​គម្រោង​ផ្លូវដែក Metro 1 ត្រូវបាន​ផលិត​នៅ ប្រទេស​ជប៉ុន អាច​រត់​បាន 110 គីឡូម៉ែត្រ/ម៉ោង​សម្រាប់​កំណាត់​ផ្លូវ​លើ​ទី​ខ្ពស់ និង 80 គីឡូម៉ែត្រ/ម៉ោង​សម្រាប់​កំណាត់​ផ្លូវ​ក្រោម​ដី។

Metro 1 គឺជា​គម្រោង​ផ្លូវដែក​ក្នុង​ក្រុង​ដំបូង​នៅ ព្រៃនគរ ដែល​បានចាប់ផ្ដើម​ស្ថាបនា​​កាលពី 10 ឆ្នាំមុន និង​ត្រូវ​ចំណាយ​ប្រា​ក់ជាង 43,700 000 000 000 ដុង (ជាង 1.8 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ គម្រោង​នេះ​មាន​ប្រវែង​សរុប​ជិត 20 គីឡូម៉ែត្រ និង​មាន​ស្ថានីយ​ចំនួន 14 ក្នុងនោះ​មាន 3 នៅក្រោម​ដី និង 11 នៅលើ​ទី​ខ្ពស់។ បច្ចុប្បន្ន គម្រោង​នេះ​បានសម្រេច​ជាង 93% ហើយ​បើ​តាម​ផែនការ វា​នឹង​​ត្រូវ​​ស្ថាបនា​​រួចរាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំក្រោយ៕

Advertisement