ស្អែក​នេះ ផ្លូវ​ខេត្ត​ពីរ​ខ្សែ​ភ្ជាប់​ពី​ស្រុក​ព្រៃនប់​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​សម្ពោធ​បើក​ឱ្យប្រើ​ជា​ផ្លូវការ

ផ្លូវ​ខេត្ត​ពីរ​ខ្សែ​គឺ​ផ្លូវ​លេខ 146B និង 148 ដែល​ត​ភ្ជាប់​ពី​ស្រុក​ព្រៃនប់ ឆ្លងកាត់​ស្រុក​ស្ទឹងហាវ និង​បន្ត​រហូតដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃទី 22 ធ្នូ 2022 នេះ​បើតាម ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន។

គម្រោង​ត​ភ្ជាប់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ 43.02 គីឡូម៉ែត្រ និង​មាន​ទទឹង​តួ​ផ្លូវ 11 ម៉ែត្រ។ យោងតាម ក្រសួង​សាធារណការ ក្នុង​គម្រោង​នេះ​ក៏មាន​សាងសង់​សំណង់​សិល្ប​ការ្យផ្សេងៗដូចជា ស្ពាន​ថ្មី​ចំ1 កន្លែង និង​ពង្រីក​ស្ពាន​ចាស់​ចំនួន 17 កន្លែង។ល។

ផ្លូវ​ខេត្ត​ទាំងពីរ​ខ្សែ​នេះ នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា​លើកកម្ពស់​ការតភ្ជាប់​ខេត្ត​ភាគ​និរតី​នេះ ឱ្យ​កាន់​តែមាន​ភាព​ប្រទាក់ក្រឡា។

គម្រោង​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមេសា 2020 និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែសីហា 2022 ខាងលើ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) និង​ត្រូវ​ចំណាយ​ថវិកា​ជាង 76 លាន​ដុល្លារ​អាម៉េរិក៕

Advertisement